គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេញ អរិយក្សត្រវិវឌ្ឍន៍មិនទាន់កំណត់ពេលជាក់លាក់នៅ​ឡើយ​

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា អរិយក្សត្រ ដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំជាយូរមកហើយ បាននិងកំពុងសិក្សានិតិវិធីនានា។

លោក ផន រីម អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនបាន​​បញ្ជាក់​ឲ្យដឹងកាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មករាកន្លងមកថា ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ភ្ជាប់​ពី​ចំណុច​ផ្សាររាត្រី ​ឆ្ពោះទៅ​តំបន់​អរិយក្សត្រ​​ឆ្លងកាត់​ទន្លេសាប​ និង​ទន្លេ​មេគង្គ នឹង​បញ្ចប់​នីតិវិធី​នានា​នៅ​អំឡុង​ត្រីមាស​ទី១ ឆ្នាំ២០២៤ នេះ។

លោកបញ្ជាក់ថា “​នីតិវិធី​នានានឹង​បញ្ចប់ ​នៅ​អំឡុង​ត្រីមាស​ទី១ ឆ្នាំ២០២៤ ខណៈ​ការ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់ ​នឹង​ត្រូវ​អនុម័ត​នៅ​ចុងឆ្នាំ​២០២៤”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ដែល​មាន​តម្លៃ​ជិត​៣០០​ លាន​ដុល្លារ​អាមេរិក​ភ្ជាប់​ពីចំណុចផ្សាររាត្រី ឆ្ពោះទៅ​តំបន់​អរិយក្សត្រ​​ត្រូវ​បាន​​ចុះ​ហត្ថលេខារវាង​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ​កាល​ពី​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លង​​ទៅ។

យ៉ាងណាម៉ិញ ​បើតាម​​អ្នក​នាំ​ពាក្យ​​ក្រសួងសាធារណការ ​និង​ដឹកជញ្ជូន ពាក់ព័ន្ធ​គម្រោង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវការ ​នៅ​ពុំ​ទាន់​កំណត់​ពេល​វេលា​ជាក់​លាក់នៅ​ឡើយ​ទេ។ បន្ទាប់​ពី​បញ្ចប់​នីតិវិធី​រៀប​ចំប្លង់​លម្អិត​រួច នឹង​អនុម័ត​លើការ​ជ្រើសរើស ក្រុមហ៊ុន​សាងសង់​នៅចុងឆ្នាំ២០២៤ ​។

​តាមរយៈ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា- សាធារណ​រដ្ឋ​កូរ៉េ (ផ្សារចាស់-ជ្រោយ​ចង្វារ ជ្រោយ​ចង្វារ-អរិយក្សត្រ) នឹង​ជួយ​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ នៅ​តំបន់​នោះ​ហក់​ឡើង ជា​ពិសេស​នឹង​ប្រែក្លាយ​តំបន់ម្ខាង ​នៃ​ដង​ទន្លេ​នៃ​តំបន់​អរិយក្សត្រ ​ជាទីក្រុងរណបថ្មី​ ខណៈទីនោះ កំពុង​មានការ​អភិវឌ្ឍ ​លើ​ហេដ្ឋារចនាសម្ព័ន្ធរួម​ទាំង​គម្រោង​បុរី​ជា​ច្រើន​។

អតីតរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថា គំរោងសាងសង់ស្ពានដ៏មានសារៈសំខាន់នេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៤នេះ។

ទោះជាយ៉ាងណា អ្នកតាមដានការវិវត្ត នៃវិស័យហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជាបានលើកឡើងថា ភាពជាក់លាក់នៃគំរោងដ៏ធំនេះ មិនអាចកំណត់ពេលជាក់លាក់នៅឡើយទេ ពិសេសគំរោងក្រោមហិរញ្ញប្ប​ទាន​របស់សាធារណៈរដ្ឋកូរ៉េ តែងតែមានភាពយឺតយ៉ាវជាធម្មតា ដូចករណីស្ថាបនាផ្លូវជាតិលេខ២ជាដើម ប៉ុន្តែការណ៍នេះជារឿងធម្មតា សម្រាប់ការសាងសង់អ្វីមួយ ដែលមានទឹកប្រាក់ច្រើន និងនិតិវិធីស្មុគ្រស្មាញបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here