សម្តេចតេជោឈរឈ្មោះជាប្រធានព្រឹទ្ធសភាក្នុងអាណត្តិទី៥

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះជាប្រធានព្រឹទ្ធសភា ក្នុងអាណត្តិទី៥នេះ។

នេះបើយោងតាមឆាណែលតាឡេក្រាម របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

តាមឆាណែលតាឡេក្រាម របស់សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី បានបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ​សភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះ​សំណាល ជាមួយអង្គបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា (វិមាន៧ មករា)។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ និងចំនួនអាសនៈ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មានចំនួន ៦២អាសនៈ។

គ.ជ.ប បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន ៦២ (ហុកសិបពីរ) រូប ក្នុងនោះសមាជិកព្រឹទ្ធសភា ចំនួន ២(ពីរ) រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធ​សភាចំនួន ២ (ពីរ) រូប ត្រូវបានរដ្ឋសភាជ្រើសតាំង តាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភាចំនួន៥៨ (ហាសិបប្រាំបី) រូប ទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here