ដោយៈ គង់ សូរិយា
ភ្នំពេញៈ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កំពុងជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
កំណើននេះ សម្រេចបានតាមរយៈការអនុញ្ញាត ឱ្យគ្រួសារដែលមានចំណូលទាប ជាច្រើនទទួលបានកម្ចី ពីស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរួមចំណែកជះផល ទៅលើការកាត់បន្ថយភាពក្រីក្រ ការពង្រីកអាជីវកម្ម និងផ្តល់ការងារសមរម្យ។ នេះបើតាមការសិក្សាអំពីការវាយតម្លៃលើផលជះ ដែលត្រូវបានធ្វើឡើងដោយឯករាជ្យ ពីសំណាក់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL។
ការសិក្សានេះបានបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនត្រឹមតែជាម៉ាស៊ីន ជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករ ជួយជំរុញប្រទេសកម្ពុជា ដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ផងដែរ។
M-CRIL បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពល របស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាព សេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា ដោយបង្ហាញឱ្យឃើញនូវសមិទ្ធផលរបស់វិស័យ និងបញ្ហានានាដែលកើតមានឡើង ស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះ លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានCMA ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញពីទស្សនវិស័យ ចំពោះរបាយការណ៍ឯករាជ្យនេះថា ការសិក្សាស្រាវជ្រាវនេះបញ្ជាក់សាជាថ្មី អំពីតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការជំរុញការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
លោកបញ្ជាក់ថា “ផលជះដែលជួយឱ្យមានការផ្លាស់ប្តូរ នៃវិស័យមីក្រូហិរញ្ញវត្ថុ មិនត្រឹមតែជាផលជះផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើ ទិដ្ឋភាពសង្គមកម្ពុជាទាំងមូលទៀតផង”។
លោកបន្តថា ក្នុងនាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យើងប្តេជ្ញាយកលទ្ធផលស្រាវជ្រាវនេះ ដើម្បីបន្តពង្រឹងការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យដល់សង្គមរបស់យើង។
យោងតាមរបាយការណ៍ឯករាជ្យនេះបានបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជួយជំរុញគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះ រួមមាន SDG ១ គ្មានភាពក្រីក្រ គឺភាពអាចរកបាននូវសេវាមីក្រូហិរញ្ញវត្ថុ។
ការសិក្សាបង្ហាញថា មីក្រូហិរញ្ញវត្ថុផ្តល់សេវា ជូនអតិថិជនមានរហូតដល់៥៨,៦ភាគរយនៃសំណាក ដោយ៦៧ភាគរយបានរាយកាណ៍ពីភាពប្រសើរឡើង យ៉ាងច្រើននៃជីវភាពប្រចាំថ្ងៃ។ ចំណុចជាវិជ្ជមាននេះ បង្ហាញពីផលជះដ៏មានតម្លៃ ទៅលើការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រខ្លាំង។
លទ្ធផលរកឃើញសំខាន់ៗពីការសិក្សានេះ រួមមានការសិក្សាអំពីការវាយតម្លៃលើផលជះ ដែលបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាមួយអតិថិជនជាង៣២០០នាក់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលភូមិចំនួន៤៥០ ត្រូវបានជ្រើសរើស នៅក្នុងខេត្តចំនួន១០ បានបង្ហាញផលជះចម្រុះ នៃវិស័យមីក្រូហិរញ្ញវត្ថុ ទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។
ការសិក្សាបានបង្ហាញទៀតថា ពីរភាគបី (២/៣) នៃសំណាក បានរាយការណ៍ ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេ ដោយ៣១ភាគរយ ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើន និងមានជីវភាពល្អប្រសើរជាងមុន ខណៈដែល៣៦ភាគរយផ្សេងទៀត បានរាយការណ៍ពីភាពល្អប្រសើរនូវជីវភាពខ្លះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕