តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ខណៈពាណិជ្ជករកំពុងរង់ចាំទិន្នន័យថ្មីស្តីពីកំណើនសេដ្ឋកិច្ច និងសន្ទស្សន៍នៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍នេះ មុនកិច្ចប្រជុំធនាគារ Fed នាសប្តាហ៍ក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់២០៣០,៨៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានងើបឡើង០,២%ដល់២.០៣៣ដុល្លារ ក្នុងមួយអោន។

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យអ្នកវិភាគរំពឹងទុកថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ឡើយ។

កាលពីសប្តាហ៍មុន លោក Austan Goolsbee ប្រធានធនាគារ Fed ប្រចាំទីក្រុង Chicago បានអះអាងថា ធនាគារត្រូវការទិន្នន័យអតិផរណាបន្ថែមទៀតនៅក្នុងដៃ មុនពេលការវិនិច្ឆ័យកាត់បន្ថយអត្រាការប្រាក់ណាមួយអាចត្រូវបានធ្វើឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៥៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនា បើធៀបនឹងឱកាស៧១ភាគរយកាលពី២សប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះ០,០៧%មកនៅត្រឹម១០៣,១៩ពិន្ទុនៅច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១ភាគរយ ដល់២២,៦៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៤% ដល់៩០២,២១ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានងើបឡើង០,៤% ដល់៩៥០,៤៧ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here