ក្រុមហ៊ុនដឹកជញ្ជូនធំមួយគ្រោងពង្រីកឱកាសវិនិយោគនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុន CMA CGM GROUP ដែលជាក្រុមហ៊ុនដឹកជញ្ជូនលំដាប់ពិភពលោកមួយ គ្រោងពង្រីកការវិនិយោគបន្ថែម នៅកម្ពុជា។

គោលបំណងនេះ ត្រូវបានលើកបង្ហាញដោយលោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ក្នុងពេលជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោក Rodolphe SaaDé បានជម្រាបលោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនដឹកជញ្ជូនដែលមានការិយា​ល័យច្រើនជាង៤០០ និងកំពុងធ្វើប្រតិបត្តិការ ក្នុងប្រទេសជាង១៦០នៅទូទាំងពិភពលោក។

ក្រុមហ៊ុនក៏មាននាវា សម្រាប់ដឹកជញ្ជូនប្រមាណ៦២៣ និងយន្តហោះដឹកទំនិញចំនួន៦ផងដែរ។

ដោយឡែក សម្រាប់សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក សេវាឡូជីស្ទីក(end-to-end logistics), សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រ សម្រាប់ដឹកទំនិញគ្រប់ប្រភេទ។

ជាមួយគ្នានេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានជម្រាបជូនអំពីគម្រោង នៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាផងដែរ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយ និងស្វា​គមន៍ ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការធានាបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួល ដល់វិនិយោគិនទាំងអស់ ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here