អគ្គនាយកផ្សារហ៊ុនដាក់មហិច្ឆតាសម្រេចឲ្យបានការជួញដូរភាគហ៊ុនទំហំ១០០លានដុល្លារក្នុង១ថ្ងៃ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារហ៊ុនកម្ពុជា លោកហុង សុហួរបានថ្លែងថា ទំហំជួញដូរភាគហ៊ុនក្នុងឆ្នាំ២០២៣ធ្លាក់ចុះ គឺបណ្ដាលមកពីនាអំឡុងឆ្នាំ២០២៣ ពុំមានការជួញដូរធំដុំគួបផ្សំ អ្នកវិនិយោគមានការព្រួយបារម្ភ។

លោកបញ្ជាក់ឲ្យដឹងកាលពីសប្តាហ៍មុនថា បើទោះបីជា ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ហាក់មានទំនោរធ្លាក់ចុះ ប៉ុន្តែឯកឧត្តមនៅតែមានសុទិដ្ឋិនិយមខ្ពស់ ចំពោះវិស័យផ្សារមូលបត្រកម្ពុជា ហើយ លោកថែមទាំងបានដាក់ចេញនូវមហិច្ឆតាខ្ពស់ ចំពោះការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជា សម្រេចឲ្យបានក្នុងទំហំ១០០លានដុល្លារក្នុង១ថ្ងៃ នៅត្រឹមឆ្នាំ២០៣០។
ជាមួយគ្នានេះ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា ដ្បិតរយៈពេលចុងក្រោយនេះ វិស័យផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែអ្វីដែលវិស័យនេះ ត្រូវការបំផុតគឺបច្ចេកវិទ្យា។ យ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវភាពរីកចម្រើន និងមហិច្ឆតា បង្កើនទំហំជួញដូរជាមធ្យមនៅកម្ពុជា និយ័តករមូលបត្រកម្ពុជា នឹងប្ដេជ្ញាបន្តជំរុញការអភិវឌ្ឍបន្ថែមទៀត នូវបច្ចេកវិទ្យាក្នុងវិស័យផ្សារមូលបត្ររបស់កម្ពុជាឲ្យកាន់តែល្អប្រសើរ។

ទន្ទឹមគ្នានេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលផ្សារមូលបត្រកម្ពុជា សម្រេចបាននាពេលកន្លងមក ជាពិសេសទាក់ទងនឹងការសម្របសម្រួល ឲ្យមានការបើកគណនីតាមប្រព័ន្ធអនឡាញ និងការទាក់ទាញក្រុមហ៊ុនថ្មីៗ ឲ្យមកចុះបញ្ជីជាបន្តប បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន២៣ ក្នុងនោះ ក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង១២ក្រុមហ៊ុន ចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល ដែលក្រុមហ៊ុនទាំងនេះបានកៀរគរទុនវិនិយោគបានប្រមាណ៣៧៩លានដុល្លារអាម៉េរិក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here