រដ្ឋាភិបាលថៃគ្រោងពិភាក្សាជាមួយកម្ពុជាជុំវិញបញ្ហាដំឡើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករ-និយោជិត

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានថ្លែងថា ប្រទេសថៃ មិនគួរបន្តប្រើប្រាស់តម្លៃពលកម្មទាប ជាការលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគពីបរទេសនោះទេ ដោយលោកជំរុញឱ្យបណ្តាប្រទេសអាស៊ានធ្វើការរួមគ្នា ដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមា។

លោកលើកឡើងថា តម្លៃ​ពលកម្ម​ថោក ​គឺជា​បញ្ហារារាំង​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់។ នេះបើយោងតាមការចុះផ្សាយដោយ​សារពត៌មាន Thai PBS កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

លោក​សេដ្ឋា គ្រោងជួប​ជាមួយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដើម្បីពិភាក្សាអំពី​របៀប​ ដែល​បណ្តាប្រទេស​អាស៊ាន​គួរ​ពិចារណា ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សេដ្ឋា ថាវីស៊ីន បានថ្លែងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅឯទីក្រុង Davos ថា “តម្លៃពលកម្មថោកមិនគួរយកមកធ្វើជាចំណុចទាក់ទាញ អ្នកវិនិយោគនោះទេ។ ប៉ុន្តែចំណុចដែលទាក់ទាញគួរតែជាថាមពលស្អាត សាលារៀនអន្តរជាតិល្អ ប្រព័ន្ធថែទាំសុខភាពសាធារណៈល្អ ទីផ្សារមូលធនត្រឹមត្រូវ គ្មានអំពើពុករលួយ និងភាពងាយស្រួលនៃការធ្វើអាជីវកម្ម”។

លោកគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​របស់បណ្តាប្រទេស​អាស៊ាន​គួរតែ​សហការ​គ្នា​ ដើម្បី​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ ឲ្យ​ឡើង​ដល់​កម្រិ​ត​សមរម្យសម្រាប់កម្មករ និងនិយោជិត។

លោកបានបន្ថែមទៀតថា “ការលើកទឹកចិត្តផ្សេងទៀត គួរតែត្រូវបានប្រើប្រាស់ ដើម្បីទាក់ទាញការវិនិយោគ ពីសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here