ក្រុមហ៊ុនជាង២០ប្រមូលទុនពីសាធារណជនជិត៤០០លានដុល្លារ សម្រាប់ពង្រីកអាជីវកម្ម

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX)លោកហុង សុហួរបាន​ឱ្យដឹងថា គិតមកទល់ដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុនចំនួន២៣ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រមូលទុនបានប្រមាណ ៣៧៩លានដុល្លារអាមេរិក​ ដើម្បីយកទៅពង្រីកអាជីវកម្ម។

ក្នុង​ពិធីចុះបញ្ជីលក់មូលបត្របំណុល ជាផ្លូវការរបស់ក្រុមហ៊ុន តែលកូថេក (Telcotech Ltd.) នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរ បានថ្លែងថា ផ្សារមូលបត្រកម្ពុជា នឹងក្លាយជាជម្រើសដ៍ល្អបំផុត ក្នុងការជួយគាំទ្រម្ចាស់អាជីវកម្ម ដែលកំពុងត្រូវការមូលធន ជាពិសេសនៅក្នុងកាលៈទេសៈនេះ ដែលស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មានសភាពមិនអំណោយផល តាមរយៈការធ្វើពិពិធកម្មមូលធន មិនថាជាការលក់ភាគហ៊ុន ឬកម្ចី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទាំងអស់ ចេះប្រើប្រាស់លុយអ្នកដទៃ ដើម្បីពង្រីក និងជំរុញកំណើនសក្ដានុពលអាជីវកម្មប្រកបដោយចីរភាព និងឆ្ពោះទៅកាន់យុគសម័យឌីជីថល។ លើសពីនេះ ផ្សារមូលបត្រកម្ពុជា ក៏នឹងក្លាយជាទីកន្លែងមួយ ដែលផ្តល់នូវជម្រើសឧបករណ៍ហិរញ្ញវត្ថុល្អៗ ដែលនេះនឹងបង្កើតនូវចំណូលអកម្ម និងផ្តល់នូវសេរីភាពហិរញ្ញវត្ថុ ជូនទៅដល់វិនិយោគិនទួទៅផងដែរ។

លោក ហុង សុហួរបានឲ្យដឹងថា បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមសម្រាប់ឆ្នាំ២០២៣ ដែលទើបនឹងបានបញ្ចប់ មានប្រមា​ណ១៣ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃ ជាមធ្យមមានប្រមាណ២១ម៉ឺនដុល្លារអាមេរិក។

លោកបានឱ្យដឹងផងដែរថា ចំនួនគណនីជួញដូរមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមកទល់ពេលនេះ ​គណនីបានកើនឡើងដល់​៤៩,០០០ គណនី ក្រោយពី​បានសម្ពាធ និងដាក់ឱ្យដំណើរការនូវមុខងារបើកគណនីជួញដូរអនឡាញ ដែលផ្តល់ភាពងាយស្រួល និងរហ័សជូនទៅដល់វិនិយោគិន។

លោកបន្តថា “លទ្ធផលដ៏គាប់ប្រសើរនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស មានការគាំទ្រខ្លាំងពីនិយ័តករមូលបត្រកម្ពុជា”។

ដូច្នេះសម្រាប់ឆ្នាំ២០២៤នេះ យើងកំណត់គោលដៅ១០ម៉ឺនគណនីជួញដូរ គឺជាគោលដៅមួយដែលអាចនឹងសម្រេចបាន ហើយយើងក៍បានដាក់នូវមហិច្ឆិតាធំមួយទៀត គឺទទួលបានទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃ ជាមធ្យម១០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០ផងដែរ។​

លោកបន្ថែមទៀតថា ឆ្នាំ២០២៤នេះ ​នឹងក្លាយជាជាឆ្នាំពិសេសមួយ ​ដោយCSX នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការនាំយកនូវឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដែលគាំទ្រ និងជំរុញដល់ការចុះបញ្ជី របស់ក្រុមហ៊ុនសក្ដានុពល និងការអភិវឌ្ឍទៅលើវិធីសាស្ត្រថ្មីៗ លើមុខងារជួញដូរ ដើម្បីទាក់ទាញនូវវិនិយោគិនថ្មីៗ ក៏ដូចជាបំពេញនូវចំណង់ របស់វិនិយោគិនចាស់ៗផងដែរ ខណៈនៅដើមសប្តាហ៍នេះCSX ទើបតែសម្ពាធ និងដាក់ឱ្យដំណើរការនូវមុខងារទូទាត់ នូវប្រតិបត្តិការជួញដូរជាប្រាក់ដុល្លារ (USD Settlement) ដើម្បីជួយកាត់បន្ថយនូវហានិភ័យអត្រាប្តូរប្រាក់ ក៏ដូចជាជួយសម្រួលដល់វិនិយោគិន ដែលមានគណនីសាច់ប្រាក់ជាដុល្លារ។

គិតមកត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី និងប្រមូលទុនពីសាធារណជន តាមរយៈផ្សារមូលបត្រកម្ពុជា រួមមានចំនួន២៣ ដែលក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង១២ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here