រដ្ឋាភិបាលកូរ៉េសម្រេចលុបចោលការ រឹតបន្តឹងខ្សែក្រវ៉ាត់ បៃតង ដើម្បីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានក្នុងរដ្ឋធានីសេអ៊ូល

ដោយ: គង់ លាងហួរ
សេអ៊ូល: កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនូវវិធានការជំរុញគម្រោងលំនៅដ្ឋាន និងអភិវឌ្ឍន៍ថ្មីៗ ដូចជា ការលុបចោលការរឹតបន្តឹងខ្សែក្រវ៉ាត់បៃតងនៅជុំវិញតំបន់រដ្ឋធានីសេអ៊ូល។

ជាក់ស្តែង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសអំពី វិធានការ ដែលផ្តោតលើគោលនយោបាយលំនៅដ្ឋានសម្រាប់ឆ្នាំ២០២៤ នៅក្នុងវេទិកាជជែកពិភាក្សាអំពីគោលនយោបាយរបស់រដ្ឋាភិបាល ក្រោមអធិបតីភាពលោកប្រធានាធិបតី Yoon Suk Yeol ក្នុងទីក្រុង Goyang ភាគពាយព្យនៃរដ្ឋធានីសេអ៊ូល។

ក្រសួងបានអះអាងថា ខ្លួនគ្រោងនឹងពង្រីកការផ្គត់ផ្គង់លំនៅដ្ឋានសាធារណៈនៅឆ្នាំនេះ តាមរយៈការស្វែងរកទីតាំងអភិវឌ្ឍន៍ថ្មីៗ ឱ្យលើសពីផែនការដំបូងរបស់ខ្លួន ដែលបានកំណត់ការផ្គត់ផ្គង់លំនៅដ្ឋានសាធារណៈចន្លោះពី១២.៥០០យូនីត ទៅជាង១៤០.០០០យូនីត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការខាងលើ ពាក់ព័ន្ធនឹងការប្រើប្រាស់តំបន់ ដែលរួមមានតំបន់ខ្សែក្រវ៉ាត់បៃតង និងដីដែលមិនទាន់ប្រើប្រាស់ ក្នុងគោលដៅស្វែងរកទីតាំងអភិវឌ្ឍន៍ថ្មីនៅក្នុងតំបន់ Greater Seoul Area ដើម្បីផ្គត់ផ្គង់លំនៅដ្ឋានបន្ថែមចំនួន២០.០០០យូនីត។

លើសពីនេះ ក្រសួងគ្រោងផ្គត់ផ្គង់លំនៅដ្ឋានបន្ថែមជាង៣០.០០០យូនីត នៅក្នុងតំបន់រដ្ឋធានី ដោយកែសម្រួលច្បាប់សមាមាត្រផ្ទៃដី(floor area ratio) និងកែសម្រួលសមាមាត្រនៃសួនសាធារណៈ និងទីធ្លាបៃតង ដើម្បីសម្រួលដល់ការប្រើប្រាស់ដីធ្លី។

ជាងនេះទៅទៀត រដ្ឋាភិបាលកូរ៉េខាងត្បូងក៏គ្រោងនឹងបើកទ្វារដល់ក្រុមហ៊ុនសំណង់ឯកជនបន្ថែមទៀត ឱ្យចូលរួមវិនិយោគនៅក្នុងគម្រោងលំនៅដ្ឋានសាធារណៈផងដែរ។

រដ្ឋាភិបាលបញ្ជាក់ថា អត្រានៃការចូលរួមរបស់វិស័យឯកជនក្នុងគម្រោងសាធារណៈនឹងកើនឡើងដល់១៥ភាគរយនៅឆ្នាំនេះ បើធៀបនឹង៤ភាគរយនៅឆ្នាំ២០២៣។ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងពង្រីកអត្រានៃការចូលរួមរបស់វិស័យឯកជនក្នុងគម្រោងសាធារណៈ បន្តិចម្តងៗរហូតដល់៣០ភាគរយនៅឆ្នាំ២០២៧ខាងមុខ៕ប្រភព៖Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here