សហរដ្ឋអាមេរិកក្លាយជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវធំជាងគេលំដាប់ទី១ នៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា សហរដ្ឋអាមេរិកបាននាំមុខប្រទេសអូស្ត្រាលី និងប្រទេសកាតា ដោយក្លាយជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតនៅលើពិភពលោកកាលពីឆ្នាំមុន។

ជាក់ស្តែង ក្នុងឆ្នាំ២០២៣ សហរដ្ឋអាមេរិកបាននាំចេញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន៩១,២លានតោន។ ការនាំចេញបានកើនឡើង ខណៈក្រុមហ៊ុននាំចេញឧស្ម័នធម្មជាតិរាវ Freeport LNG បានបើកដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេល ៨ខែ ដោយសារគ្រោះថ្នាក់អគ្គិភ័យកាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ បណ្តាប្រទេសដែលជាសមាជិករបស់សហភាពអឺរ៉ុប (EU) កំពុងបង្កើនការនាំចូលថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី។

ចំណែកឯ ប្រទេសអូស្ត្រាលីជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេទី២ កាលពីឆ្នាំមុន ខណៈប្រទេសកាតាដែលជាអ្នកនាំមុខគេក្នុងការនាំចេញ LNG ក្នុងឆ្នាំ២០២២ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៣ ដោយការផ្គត់ផ្គង់ឧស្ម័នរបស់ប្រទេសនេះទៅកាន់ទីផ្សារពិភពលោកបានធ្លាក់ចុះ១,៩ភាគរយ។

 

ក្នុងឆ្នាំ២០២៤នេះ គម្រោងឧស្ម័នធម្មជាតិរាវ (LNG) ថ្មីចំនួន២ របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមបើកប្រតិបត្តិការ។ គម្រោងទាំង២នោះ រួមមាន រោងចក្រ Venture Global LNG ដែលស្ថិតនៅទីក្រុង Plaquemines រដ្ឋ Louisiana និងមួយទៀត ស្ថិតនៅមជ្ឈមណ្ឌល Gloden Pass ក្នុងរដ្ឋតិចសាស់ ដែលជាគម្រោងបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Exxon Mobil និងក្រុមហ៊ុន QatarEnergy។

នៅពេលបើកដាក់ឱ្យដំណើរការពេញលេញ គម្រោងទាំងពីរនេះនឹងជួយបង្កើនទិន្នផលឧស្ម័នធម្មជាតិរាវ (LNG) របស់អាមេរិកឱ្យបាន៣៨លានតោនក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here