តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ ដែលត្រូវបានជំរុញដោយការហក់ឡើងថ្លៃនៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបនៅក្នុងតំបន់ ខណៈប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ថ្លៃចុះយ៉ាងគំហុក។

តួយ៉ាង ភាគហ៊ុនដែលបានចុះបញ្ជីនៅក្រុងតៃប៉ិរបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing (TSMC) បានហក់ឡើងថ្លៃ៥,០ភាគរយ បន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះបានព្យាករថា ប្រាក់ចំណូលនៅឆ្នាំ២០២៤ នឹងកើនឡើងជាង២០ភាគរយ។

រីឯសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃ០,៩ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,២ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,១ភាគរយ។

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យអ្នកវិភាគរំពឹងទុកថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ឡើយ។

តួយ៉ាង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៥៧ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនា បើធៀបនឹងឱកាស៧៥ភាគរយកាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃ០,៩%ដល់១០៣,៤ពិន្ទុនៅសប្តាហ៍នេះ។

ចំណែកឯ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ដោយសារតែការព្រួយបារម្ភអំពីកំណើនតម្រូវការប្រេងដ៏យឺតយ៉ាវនៅក្នុងប្រទេសចិន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៧សេន មកនៅត្រឹម៧៨,៩៣ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0151 GMT ខណៈតម្លៃប្រេងឆៅ US West Texas Intermediate Crude Futures (WTI) បានធ្លាក់ចុះ៣សេនដល់៧៤,០៥ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here