ឥណ្ឌាបើកសម្ភោធសភាពាណិជ្ជកម្មជាផ្លូវការនៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកពេជ ឬទ្ធីបាន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជា។

ពិធីដែលបានប្រារពធ្វើកាលពីថ្ងៃទី១៧ មករាកន្លងមកនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា និងមន្រ្តីក្រសួងពាក់ព័ន្ឋ។

លោករដ្ឋលេខាធិការ បានសម្តែងនូវក្តីសោមនស្សរីករាយ និងការអបអរសាទរ ជូនចំពោះស្ថានទូតនៃសាធារណៈរដ្ឋឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជា ចំពោះការបង្កើតជាផ្លូវការនៃសភាពាណិជ្ជកម្មនេះ ដែលនឹងជំរុញនូវសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងឥណ្ឌា ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងផ្តល់នូវកាលានុវត្តន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកពេជ ឬទ្ឋីក៏បានជម្រាបជូនអង្គពិធីអំពីកំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាដែលគួរជាទីកត់សម្គាល់។

លោកបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យឯកជន ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើ​ក​កម្ពស់ការប្រកួតប្រជែង តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយា​កាសធុរកិច្ច និងវិនិយោគ ពង្រឹងការតភ្ជាប់ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។

ក្រោយចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាបានចូលជាសមាជិកតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ក៏ដូចជា ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ានបូកមួយ ជាមួយប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ធំបំផុតរបស់ពិភពលោករហូតមកដល់បច្ចុប្បន្ន រួមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជាជាមួយនឹងប្រទេសចិន សាធារណរដ្ឋកូរ៉េ និងសហភាពអារ៉ាប់រួម (UAE) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here