ADBបន្តកិច្ចសហប្រតិបត្តិកាថែមទៀត ក្នុងការងារអភិវឌ្ឍន៍ ជនបទនៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិកបានប្ដេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់​តែល្អប្រសើរបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីឲ្យកម្ពុជាសម្រេចតាមគោលដៅរបស់ខ្លួន។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក Scott Morris លើកឡើងថា ADB បានធ្វើការវាយតម្លៃខ្ពស់ ចំពោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអា​ណត្តិទី៧ របស់កម្ពុជា ដែលបានដាក់ចេញ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ឆ្លើយតបនឹងការគាំទ្រនេះ ធនាគារADB សន្យាចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលក្នុងនោះមានវិស័យ​​អភិវឌ្ឍន៍ជនបទ ដូចជា ការកសាងសងហេដ្ឋារចនាសម្ព័ន្ធគមនា​គមន៍ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តន៍ចក្ខុវិស័យរបស់ខ្លួន គឺការលើ​កកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាពលរដ្ឋ រស់នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

គោលនយោបាយទាំងនេះ ធ្វើឡើងតាមរយៈកម្មវិធីអាទិភាពចំនួ​ន៤ រួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា,ទី២. ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន និងទី៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

ជាមួយនេះ លោកឆាយ ឫទ្ធិសែន បានលើកឡើង ពីបញ្ហាប្រឈាមមួយចំនួន ដែលត្រូវដោះស្រាយ ដូចជា ការពង្រឹងគុណភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការអប់រំឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទ ប្រកាន់យកនូវឥរិយាបថអនាម័យល្អ និងការលើកទឹកចិត្តបង្កើតមុខរបរបង្កើនចំណូលគ្រួសារ នៅជនបទជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here