តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃ ស្របពេលដែលមានការរំពឹងទុកថា ការបញ្ចុះអត្រាការប្រាក់នឹងមិនអាចកើតឡើងក្នុងពេលឆាប់ៗនោះទេ។

ទន្ទឹមគ្នានេះ សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃត្រឹមតែ០,១ភាគរយប៉ុណ្ណោះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល២ខែកាលពីថ្ងៃពុធ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល១៤ខែ។

រីឯ សន្ទស្សន៍ផ្សារហ៊ុន CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៥៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ១,៣៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៣៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៦ភាគរយ។

យោងតាមទិន្នន័យបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង០,៦%ក្នុងខែធ្នូ បើធៀបនឹងការព្យាករណ៍០,៤% ដែលការណ៍នេះ ជំរុញឱ្យមានការរំពឹងទុកថា ធនាគារ Federal Reserve នឹងមិនប្រញាប់ប្រញាល់បញ្ចុះអត្រាការប្រាក់ឡើយ។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៥៣,៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១ខែ គឺ១០៣,៣៦ពិន្ទុ។

ចំណែក តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍ នេះ ខណៈដែលអង្គការ OPEC បានព្យាករណ៍ពីកំណើនដ៏រឹងមាំនៃតម្រូវការប្រេងពិភពលោកក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយអាកាសធាតុដ៏ត្រជាក់ខ្លាំងនៅសហរដ្ឋអាមេរិកបានរំខានដល់ការផលិតប្រេងមួយចំនួន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៨សេន ដល់៧៨,១៦ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0004 GMT ខណៈតម្លៃប្រេងឆៅ US West Texas Intermediate crude futures (WTI) បានកើនឡើង៣៤សេនដល់៧២,៩០ដុល្លារ ក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here