EUគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង៨៦លានអឺរ៉ូ ដើម្បីគាំទ្រ វិស័យអាទិភាពនៅកម្ពុជា

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សហភាពអឺរ៉ុបគ្រោងផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ៨៦លានអឺរ៉ូដល់កម្ពុជា សម្រាប់​វិស័យ​កសិកម្ម អាហារ ការអនុវត្តថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ការបណ្តុះបណ្តាលអប់រំ បច្ចេកទេស និង​កម្មវិ​ធី​ពាណិជ្ជកម្ម និងវិស័យឯកជន។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកឌ្រីសម៉ាន់ អីហ្គោរ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា EU នៅ​ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ ។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អនុវត្ត​កម្មវិធីកំណែទម្រង់គោលនយោបាយសំខាន់ៗ ដែលសម្រេចបាននូវការរក្សាស្ថិរភាពសង្គម និង​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយផ្លែផ្កា បើទោះជាស្ថិតក្នុងគ្រាដ៏លំបាក នៃផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូដ-១៩, ជម្លោះភូមិសាស្ត្រនយោបាយ និងការបន្តធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ដោយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ជុំវិញបរិបទនេះ ជំហរគាំទ្ររបស់EU ជាពិសេស​តាមរយៈ​យុទ្ធសាស្ត្រ Global Gateway ដែលជាយុទ្ធសាស្ត្រថ្មីរបស់ EU មានគោល​បំណង​កៀរគរ​ការ​វិនិយោគ​បន្ថែម សម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល នៃ​កិច្ចអន្តរាគមន៍របស់ខ្លួន ។

នៅក្នុងយុទ្ធសាស្ត្រនេះផងដែរ ប្រទេសនៅក្នុងតំបន់អឺរ៉ុប និង​ប្រទេស​ជាសមាជិកEU ហៅថា “Team Europe” បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives – TEIs) ចំនួនពីរ ដើម្បីគាំទ្រ ដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈ​ការ​លើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ ក្នុងនោះមាន៖ ការ​ផ្តោត​លើ​ចីរភាព​ខ្សែ​ច្រវាក់​តម្លៃកសិកម្ម និងផ្តោតលើថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។

ជាការឆ្លើយតប លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះ EU សម្រាប់ការចូលរួម យ៉ាងសកម្ម ក្នុងការជំរុញវឌ្ឍនភាព នៃវិស័យគាំពារសង្គមនៅកម្ពុជា ឆ្ពោះ​ទៅ​រក​និរន្តរភាព និងភាពធន់ ដែលអាចឆ្លើយតបនឹងបញ្ហា ប្រឈមនានា, ជាពិសេស​សហភាព​អឺរ៉ុប បាន​ជួយ​ជាជំហរគាំទ្រកម្ពុជា ក្រោមក្របខណ្ឌ Global Gateway ដែលជាការចូលរួមគាំទ្រដល់ របៀប​វារៈ​គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាច​សម្រេច​បាន​ជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here