ក្រុមហ៊ុនធំមួយរបស់បារាំងចង់វិនិយោគលើការអភិវឌ្ឍការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជា ទៅកាន់បណ្ដាប្រទេសផ្សេងទៀតលើពិភពលោក

        ដោយៈ គង់ សូរិយា

        ប៉ារីសៈ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group  ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុ​ញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន និងសកម្មភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណងនៃការពង្រីកការវិនិយោគរបស់ខ្លួន បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក​ ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិ​យោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិ​យោគបន្ថែមទៀត លើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត​ តាមរយៈ​ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ពីកម្ពុជាទៅ​បណ្តា​ប្រទេស​នានា​។

ជាការឆ្លើយតប សម្តេចធិបតីហ៊ុន ម៉ាណែត​បានស្វាគមន៍ ចំពោះលោក Emmanuel Rochas នាយកប្រតិបត្តិ និងសហការី និងបានបង្ហាញក្តីរីករាយ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សា ជាមួយដៃគូសហការ ដែលមានស្រាប់​ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃ​សណីយ៍ និងទូរគមនាគមន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here