តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ខណៈដែលការ លើក ឡើង របស់ ក្រុមមន្ត្រីធនាគារ កណ្តាលនានាបានកាត់បន្ថយការរំពឹងទុកសម្រាប់ ការ បញ្ចុះអត្រា ការ ប្រាក់នាពេលឆាប់ៗខាងមុខ។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ១ភាគរយ នៅព្រឹកថ្ងៃអង្គារនេះ  បន្ទាប់ពីខាតបង់អស់០,៨%កាលពីសប្តាហ៍មុន។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៥២ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៤៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,២៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៩១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥៩ភាគរយ។

យោងតាមការិយាល័យស្ថិតិការងាររបស់នាយកដ្ឋានការងារអាមេរិក បានរាយការណ៍ថា សន្ទស្សន៍ថ្លៃអ្នកផលិត បានធ្លាក់ចុះ០,១% កាលពីខែធ្នូ ឆ្នាំមុន ដែលធ្វើឱ្យទីផ្សារបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ឆ្នាំនេះ។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៦៣%កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃ០,២៣ភាគរយ ដល់១០២,៨៨ពិន្ទុ នៅថ្ងៃអង្គារនេះ។

ចំណែក តម្លៃប្រេងបានកើនឡើងខ្ពស់បន្តិច នៅថ្ងៃអង្គារនេះ ដោយសារវិបត្តិនៅតំបន់មជ្ឈិមបូព៌ាឡើងកំដៅ ហើយទិន្នន័យតាមដានកប៉ាល់បានបង្ហាញថា នាវាដឹកប្រេងជាច្រើនបន្ថែមទៀតកំពុងផ្លាស់ប្តូរទិសដៅធ្វើដំណើរឆ្ងាយពីសមុទ្រក្រហម។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១២សេន ឬប្រហែល០,២ភាគរយ ដល់៧៨,២៧ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0002 GMT ប៉ុន្តែតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១៧សេន មកនៅត្រឹម៧២,៥២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here