កម្ពុជាមានគោលការណ៍ចំនួន៥ ក្នុងការខ្ចីបំណុលពីបរទេស ប៉ុន្តែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន

ដោយៈ និស្ស័យ

        ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ លោក មាស សុខសេនសានបានបញ្ជាក់ថា កម្ពុជាមានគោលការណ៍ច្បាស់លាស់ ក្នុងខ្ចីបំណុលបរទេស។

អ្វីៗត្រូវផ្អែកលើគោលការណ៍ចំនួន៥ ដែលធ្វើឱ្យកម្ចីនោះ នៅតែស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន និងមានហានិភ័យទាប មិនដូចការលើកឡើង របស់ក្រុមជ្រុលនិយមមួយចំនួនតូច ដែលឃោ​សនាបំភ័យប្រជាជន ពាក់ព័ន្ធបំណុលសាធារណៈរបស់កម្ពុជានោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានពន្យល់ថា “ក្នុងការខ្ចីបំណុលបរទេស រាជរដ្ឋាភិបាលមានការគិតគូរច្បាស់លាស់ ដោយប្រាក់កម្ចីទាំងនោះ គឺរដ្ឋាភិបាលបានចាត់ចែង ទុកចំណាយលើវិស័យមួយចំនួនជាអាទិភាព ដូចជាវិស័យសង្គមកិច្ច វិស័យអប់រំ សុខាភិបាល​ជាដើម ហើយចំណាយដោយតម្លាភាព”។

ការគ្រប់គ្រងបំណុលសាធារណៈ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ នូវគោលការណ៍គន្លឹះចំនួន៥ ដូចជា ទី១ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ទី២ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់ ទី៣ ខ្ចីសម្រាប់តែវិស័យអាទិភាព ទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ទី៤ ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាពប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់បំផុត និងទី៥ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការ​ណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាមានបំណុលសាធារណៈសរុប១០.២៧ពាន់លានដុល្លារ ក្នុងនោះ​ជំពាក់បំណុលបរទេស ១០.២៣ពាន់លានដុល្លារ ​និងបំណុលក្នុងប្រទេស​ចំនួន៤២.៤៥លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here