តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃច័ន្ទនេះ ខណៈធនាគារកណ្តាលរបស់ប្រទេសចិនបានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ពោលគឺខុសពីការរំពឹងទុករបស់ទីផ្សារ ដែលបានគិតថា ធនាគារនេះនឹងបញ្ចុះអត្រាការប្រាក់។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,២ភាគរយ នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីខាតបង់អស់០,៨%កាលពីសប្តាហ៍មុន។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,០០៥ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,០៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,១៣ភាគរយ។

ថ្លៃអ្នកផលិតរបស់អាមេរិកបានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងខែធ្នូ ស្របពេលមានការធ្លាក់ចុះនៃថ្លៃដើមទំនិញដូចជាប្រេងម៉ាស៊ូត និងអាហារ ដែលបង្ហាញថា អតិផរណានឹងបន្តធ្លាក់ចុះ។

ការិយាល័យស្ថិតិការងាររបស់នាយកដ្ឋានការងារបានរាយការណ៍ថា សន្ទស្សន៍ថ្លៃអ្នកផលិត បានធ្លាក់ចុះ០,១% កាលពីខែធ្នូ ឆ្នាំមុន ដែលអាចអនុញ្ញាតឱ្យធនាគារកណ្តាលអាមេរិកចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៨ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៦៨%កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅទ្រឹងត្រឹម១០២,៥០ពិន្ទុ នៅថ្ងៃច័ន្ទនេះ។

ចំណែកឯតម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ។ តួយ៉ាងតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ១៩សេនមកនៅ ត្រឹម៧៨,១០ដុល្លារ ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ២៣សេន មកនៅត្រឹម៧២,៤៥ដុល្លារ ក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here