តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ដែលបណ្តាលមកពីក្តីបារម្ភចំពោះជម្លោះដែលកំពុងឡើងកំដៅនៅក្នុងតំបន់មជ្ឈិមបូព៌ា និងការថយចុះនៃអតិផរណាថ្លៃអ្នកផលិត(Producer price)របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤% មកនៅត្រឹម២០៤៨,២១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៦%ដល់២០៥១,៦០ដុល្លារ ក្នុងមួយអោន។

ថ្លៃអ្នកផលិតរបស់អាមេរិកបានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងខែធ្នូ ស្របពេលមានការធ្លាក់ចុះនៃថ្លៃដើមទំនិញដូចជាប្រេងម៉ាស៊ូត និងអាហារ ដែលបង្ហាញថា អតិផរណានឹងបន្តធ្លាក់ចុះ។

ការិយាល័យស្ថិតិការងាររបស់នាយកដ្ឋានការងារបានរាយការណ៍ថា សន្ទស្សន៍ថ្លៃអ្នកផលិត បានធ្លាក់ចុះ០,១% កាលពីខែធ្នូ ឆ្នាំមុន ដែលអាចអនុញ្ញាតឱ្យធនាគារកណ្តាលអាមេរិកចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៨ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៦៨%កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅទ្រឹងត្រឹម១០២,៥០ពិន្ទុ នៅថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៩ភាគរយ ដល់២៣,២០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៥% ដល់៩១០,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium ធ្លាក់ចុះ១,៣% ដល់៩៧៥,៥១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here