រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចូលរួមអបអរការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមជាលើកដំបូង

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ពិធីនេះបានប្រារពធ្វើនៅ ការិយាល័យកណ្ដាលក្រុមហ៊ុន វ័នរ៉ូដ គ្រុបកាលពីចុងសប្តាហ៍មុន។
លោកជំទាវ ចម និម្មល បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន៥០០តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន៦០០០០តោន​ ស្មើនឹង៥៤លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាងពេញទំហឹង ដល់ការនាំចេញកសិផលក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិតរបស់យើង ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា ជាពិសេសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិនានា ដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទទួលបានផលប្រយោជន៍រួម និងវិបុលភាពទៅវិញទៅមក។

លើសពីនេះ ក្រសួងពាណិជ្ជកម្ម នឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម ដែលនឹងរៀបចំឡើង នៅចុងខែកុម្ភៈឆ្នាំ ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញ និងបង្កើតឱកាសក្នុងការរកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករ​កម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា នឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួ​ង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពួតដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here