ប្រជាពលរដ្ឋខ្មែរម្នាក់មានចំណូលមជាធ្យម២០៧១ដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០២៤

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ការព្យាករសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នឹងងើបឡើងវិញក្នុងកំណើន៦,៦ភាគរយ។​ ការណ៍នេះ ធ្វើឱ្យប្រាក់​ចំណូល​ជាមធ្យម​របស់​ពលរដ្ឋខ្មែរ​ម្នាក់​ៗ ​រំពឹងឡើងដល់ ២​០៧១​​ដុល្លារ កើន​​ជាង៨​ភាគ​រយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២៣ មាន១៩១៧ដុល្លារ។

នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។

ឯកសារ​ថវិកា​សង្ខេប​ប្រចាំ​ឆ្នាំ​​២០​២៤ ​ចេញផ្សាយដោយក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ នឹង​សម្រេច​បាន​កំណើន​ ក្នុង​រង្វង់៦,៦​ភាគ​រយ ​ដែល​នឹង​ធ្វើ​ឱ្យ​ផលិត​ផល​ក្នុងស្រុក​សរុប​ (ផ.ស.ស) ​​បច្ចុប្បន្ន ​​ស្ថិត​នៅក្នុង​រង្វង់ប្រមាណ ​៣៥,១៦៨​លាន​ដុល្លារ​អាមេរិក។ ជាមួយគ្នានេះ ផ.ស.ស សម្រាប់មនុស្សម្នាក់ៗ​រំពឹង​​​កើន​ដល់២០៧១​ ដុល្លារ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​លោក​​បណ្ឌិត ឆេង គីមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ការព្យាករកំណើន​​ប្រាក់​​ចំណូល​របស់​ប្រជាជន​ខ្មែរនេះ ​គឺ​​​​មាន​ការអង្កេត​ និង​សិក្សា​ច្បាស់​លាស់ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាជន។

លោកបានបញ្ជាក់ថា ការព្យាកររបស់រដ្ឋាភិបាល លើប្រាក់ចំណូលពលរដ្ឋ ជាមធ្យម២០៧១ដុល្លារសម្រាប់ឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងពីភាពក្លៀវក្លាឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ​តាមរយៈប្រភពចំណូលក្នុងស្រុក ដែលបានពីការប្រមូលពន្ធដារ និងពន្ធគយ។

លោកបណ្ឌិតឆេង គីមឡុង សង្កេតឃើញសកម្មភាពវិនិយោគមួយចំនួនក្នុងស្រុក ក៏មានការកើនឡើង​ លើផ្នែកផលិតកម្មក្នុងវិស័យកសិកម្ម ឧស្សាហកម្ម  និងសេវាកម្ម ផងដែរ។  ជាពិសេស គឺយើងឃើញថា វិស័យឧស្សាហកម្មទេសចរណ៍បានងើបឡើងវិញ។ ចំនួនទេសចរដែលមកកម្ពុជាក៏កើនឡើង។

លោកបន្តថា ដូច្នេះហើយ! យើងឃើញថាស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចយើងនេះ ហាក់មានសន្ទុះកើនឡើងវិញ ដែលធ្វើឱ្យចំណូលពលរដ្ឋម្នាក់ៗ ជាមធ្យមក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងរហូតដល់ជាង២០០០ដុល្លារ ដែលជាការព្យាកររបស់រដ្ឋាភិបាល។

ជាមួយគ្នានេះ លោកបណ្ឌិតឆេង គីមឡុង មាន​សុទិដ្ឋិ​និយមខ្ពស់​ចំពោះ​ការ​បោះ​ជំហាន​ទៅ​មុខ ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែលធ្វើឱ្យប្រាក់​ចំណូល ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ​​កើន​ឡើង​​ជា​បន្ត​បន្ទាប់ ​ស្របទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here