ធនាគារពិភពលោក: សេដ្ឋកិច្ចរបស់សកលលោកនឹងសម្រេចបានកំណើនក្នុងរង្វង់២,៤ភាគរយ ក្នុងឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីស្តីពីនិន្នាការសេដ្ឋកិច្ចសកល បង្ហាញថា ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹមតែ២,៤%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤នេះ ខណៈការដំឡើងអត្រាការប្រាក់ដ៏ខ្ពស់គឺជាបញ្ហាចម្បងមួយ។

ធនាគារពិភពលោកបានគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា កំណើនពាណិជ្ជកម្ម និងការវិនិយោគសកលនឹងបន្តត្រូវបានរារាំងដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា។

ប្រសិនបើមិនរាប់បញ្ចូលការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ នោះ អត្រាកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៤នេះ នឹងក្លាយជាអត្រាកំណើនទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៩។

ស្ថាប័នខាងលើបន្តថា សេដ្ឋកិច្ចពិភពលោកបានកើនឡើង២,៦% កាលពីឆ្នាំ២០២៣ កើនឡើង៣%នៅឆ្នាំ២០២២ និងកើនឡើង៦,២% នៅឆ្នាំ២០២១។ កំណើនសេដ្ឋកិច្ចដ៏ខ្ពស់នៅឆ្នាំ២០២១ ត្រូវបានជំរុញដោយការចាប់ផ្តើមថយចុះនៃផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩នាពេលនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងនេះក្តី ធនាគារពិភពលោកក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរថា កំណើនសេដ្ឋកិច្ចសកលលោកនៅក្នុងឆ្នាំ២០២៥ នឹងកម្រើកឡើងវិញបន្តិចដល់២,៧% ពោលគឺអាចជាសញ្ញាល្អប្រសើរជាងឆ្នាំ២០២៤នេះ។

ធនាគារ ពិភពលោកបាន ព្រមាន ថា ប្រសិនបើ ពុំមានអ្វីប្រែប្រួលធំ ដុំ ទេ នោះទសវត្សរ៍ឆ្នាំ២០២០ នឹង ក្លាយ ជា “ទសវត្សរ៍ ដែល ខាតបង់” សម្រាប់ សេដ្ឋកិច្ច ពិភពលោក ហើយប្រទេសកំពុងអភិវឌ្ឍន៍អាចនឹងជួបប្រទះផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយកំណើនសេដ្ឋកិច្ចជាមធ្យមបានធ្លាក់ចុះជាង១% បើធៀបនឹងទសវត្សរ៍មុន។

ធនាគារពិភពលោកក៏បានព្យាករផងដែរថា នៅចុងឆ្នាំ២០២៤នេះ ប្រមាណមួយភាគបួននៃចំនួនប្រជាជន រស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយ៤០%នៃចំនួនប្រជាជន រស់នៅក្នុងបណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប នឹងជួបប្រទះកម្រិតនៃភាពក្រីក្រខ្ពស់ជាង ពេលមុនផ្ទុះជំងឺរាតត្បាតទៅទៀត៕ប្រភព៖The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here