កម្ពុជារកលុយបានពីការនាំចេញស្វាយចន្ទីជាង៨០០លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន៦៥៦,០០០តោន ថយចុះ៧.៦% គិតជាទឹកប្រាក់ចំនួន៨៣៧លានដុល្លារក្នុងឆ្នាំ២០២៣ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោកអ៊ួន ស៊ីឡុតបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ថា ការនាំចេញស្វាយចន្ទីរមានការធ្លាក់ចុះ ដោយសារការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកសិករ បានកាប់ស្វាយចន្ទីចោលកន្លងមក។

ម្យ៉ាងទៀត សហគ្រាសក្នុងស្រុកមួយចំនួន បានប្រជែងគ្នាទិញ ដែលធ្វើឱ្យការនាំចេញស្វាយចន្ទី ទៅវៀតណាមក៏ធ្លាក់ចុះដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អួន ស៊ីឡុតបានពន្យល់ថា “ការធ្លាក់ចុះនេះ មិនបង្ហាញពីភាពអវិជ្ជមាននោះឡើយ ផ្ទុយទៅវិញវាបង្ហាញពីភាពវិជ្ជមាន ដោយ​សារតែការរីកដុះដាលសហគ្រាសក្នុងស្រុក”។

លោក អួន ស៊ីឡុតបានឲ្យដឹងទៀតថា នៅឆ្នាំ២០២៤ នេះ ការនាំចេញស្វាយចន្ទី អាចនឹងប្រហាក់ប្រហែលឆ្នាំមុន ដោយសារតែការរីកដុះដាលសហគ្រាសក្នុងស្រុក ហើយបើអាកាសធាតុល្អទិន្នផលនឹងអាចកើនដល់ ១០% ខណៈតម្លៃក៏កើន៥%។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា កសិផលចម្បងៗ ដែលត្រូវបាននាំចេញរួមមានស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ស្វាយ ផ្លែមៀនស្រស់ ម្រេច និងកសិផលប្រមាណ១០០មុខទៀត។

របាយការណ៍ដដែលបញ្ជាក់ថា នៅ ២០២៣ កម្ពុជាទទួលបានចំណូលជាង៤៣០៦លានដុល្លារ ពីការនាំចេញកសិផលជាង៨,៤ លានតោនទៅក្រៅប្រទេស ក្នុងនោះតម្លៃបានពីការនាំចេញអង្ករមានចំនួន៥៦៧,៧១៩, ៣៩៥ដុល្លារ ការនាំចេញស្រូវមាន៩៣៩, ៩៦៥ ,៦៨២ដុល្លារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here