តម្លៃប្រេងកើនឡើង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ ខណៈជម្លោះកាន់តែខ្លាំងឡើងនៅក្នុងតំបន់សមុទ្រក្រហមបានធ្វើឲ្យតម្លៃប្រេងហក់ឡើងថ្លៃ។

ជាក់ស្តែងសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១ភាគរយ នៅក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៣ភាគរយដែរ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៤៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២១ភាគរយ។

យោងតាមទិន្នន័យពីនាយកដ្ឋានការងាររបស់អាមេរិកបានបង្ហាញថា ចំពោះខែធ្នូ ឆ្នាំ២០២៣ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលជារង្វាស់សំខាន់នៃអតិផរណា បានកើនឡើង០,៣ភាគរយ បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់០,២%។

ទោះជាយ៉ាងនេះក្តី ទីផ្សារនៅតែមើលឃើញឱកាសចំនួន៧៣,២ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋាន ដោយធនាគារកណ្តាលអាមេរិក(Fed)នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,២៦ពិន្ទុ នៅថ្ងៃសុក្រនេះ បន្ទាប់ពីងើបឡើងថ្លៃកាលពីថ្ងៃព្រហស្បតិ៍។

ចំណែក តម្លៃប្រេងបានកើនឡើងជាង២ភាគរយនៅថ្ងៃសុក្រនេះ ខណៈសហរដ្ឋអាមេរិក និងអង់គ្លេស បានវាយប្រហារប្រឆាំងនឹងគោលដៅយោធារបស់ក្រុម Houthi ដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុមនេះមកលើការដឹកជញ្ជូននៅសមុទ្រក្រហម។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,៨១ដុល្លារ ឬ២,៣ភាគរយ ដល់៧៩,២២ដុល្លារ ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១,៨០ដុល្លារ ឬ២,៥ភាគរយ ដល់៧៣,៨២ដុល្លារ ក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here