តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ ខណៈអតិផរណារបស់សហរដ្ឋអាមេរិកបានកើនឡើងលើសការរំពឹងទុក ដែលអាចជះឥទ្ធិពលលើទស្សនវិស័យរបស់ធនាគារកណ្តាលអាមេរិក(Fed)ក្នុងការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% មកនៅត្រឹម២០២៤,៩៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានធ្លាក់ចុះ០,៤%ដល់២០១៩,២០ដុល្លារ ក្នុងមួយអោន។

ជាក់ស្តែង នាយកដ្ឋានការងាររបស់អាមេរិកបានបង្ហាញថា ចំពោះខែធ្នូ ឆ្នាំ២០២៣ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលជារង្វាស់សំខាន់នៃអតិផរណា បានកើនឡើង០,៣ភាគរយ បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់០,២%។

ទោះជាយ៉ាងនេះក្តី ទីផ្សារមើលឃើញឱកាសចំនួន៧៣,២ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋាន ដោយធនាគារកណ្តាលអាមេរិក(Fed)នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,២៦ពិន្ទុ នៅថ្ងៃសុក្រនេះ បន្ទាប់ពីងើបឡើងថ្លៃកាលពីថ្ងៃព្រហស្បតិ៍។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៧ភាគរយ ដល់២២,៧១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៥% ដល់៩១៤,៨៥ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium ធ្លាក់ចុះ០,៩% ដល់៩៨៩,៣៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here