ការវិនិយោគរបស់ចិនលើសម្បកកង់យានយន្ត ផ្តល់ក្តីសង្ឃឹម ដល់អ្នកដាំកៅស៊ូ

        ដោយៈ និស្ស័យ

ភ្នំពេញៈ ​ការវិនិយោគ​ពី​ប្រទេស​ចិន លើការបង្កើតរោងចក្រផលិតសម្បកកង់យានយន្ត បាននិងកំពុងជួយដល់ដំណាំកសិ ឧស្សាហកម្មកៅស៊ូនៅកម្ពុជា។

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី ​៥ដល់​៨ ខែមករាកន្លងមកនេះ លោក ស៊ុន​ ចាន់ថុល អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​ដឹកនាំ​គណៈប្រតិភូ​មកពី​វិស័យ​ឯកជន ទៅ​ជួប​ជាមួយ​ក្រុមហ៊ុន​ចិន​ជាច្រើន ពិសេស​ឧស្សាហកម្ម​ផលិត​សម្បក​កង់​រថយន្ត​។

ជាមួយគ្នា​នេះ ​លោក​ក៏បាន​ចុះហត្ថលេខា ​លើ​អនុ​ស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ NERCRAT ដើម្បី​ជំរុញ​ឧស្សាហកម្មកៅស៊ូនៅ​កម្ពុជា​ផងដែរ​។ ទន្ទឹមនឹងនេះ NERCRAT បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការបោះ​ទុនវិនិយោគ១០០០​លាន​ដុល្លារ ​លើ​គម្រោង​អាទិភាព​មួយចំនួន​ក្នុង​ឧស្សាហ​កម្មនេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន CDC​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម CDC ក្រុមហ៊ុន Cart Tire Co Ltd កំពុង​វិនិយោគ​លើ​រោងចក្រ​មួយ​នៅ​ខេត្តស្វាយរៀង ដោយ​គ្រោង​បង្កើន​ដើមទុន​ដល់ ៧០០​លាន​ដុល្លារ ​លើ​ផ្ទៃដី​ប្រមាណ១២០​ហិកតា ​ដើម្បី​ជំរុញ​ការ​នាំ​ចេញទៅ​ទីផ្សារ​សំខាន់ៗ​ដូចជា អា​​មេ​រិ​ក កាណាដា និង​កូរ៉េខាងត្បូង​។​

លោក ម៉ែន សុភ័ក្ត្រ ប្រធាន​ក្រុមហ៊ុន Sopheak Nika Investment Agro-Industrial Plants Co., Ltd ដែលជា​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំចេញ​កៅស៊ូ​ធំ​មួ​យ​នៅ​កម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា កិច្ចសហប្រតិបត្តិការ​ជាមួយ NERCRAT នឹង​ក្លាយជា​ព្រឹត្តិ​ការណ៍​ថ្មី​ដោយ​មិន​ត្រឹមតែ​ការផលិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​កែលម្អ​គុណ​ភាព​ជ័រកៅស៊ូ និង​ការផ្គត់ផ្គង់​ដល់​រោង​ចក្រ​ ផលិត​សម្បក​កង់​ក្នុងស្រុក​ដែរ​។​

លោក​បញ្ជាក់ថា “​នេះ​ជា​ជំហាន​វិជ្ជមាន ​សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ព្រោះ​មកដល់ពេលនេះ ​យើង​មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ចំនួន៣”​។លោកបន្ថែមថា “កិច្ចសហការ​ពី NERCRAT ពួកគេ​នឹង​នាំយក​អ្នកជំនាញ ​និង​បច្ចេកវិទ្យា​បន្ថែមទៀត ដើម្បី​កែលម្អ​ឧស្សាហកម្ម​របស់​យើង​”។​

​លោក សុភ័ក្ត្របានបង្ហើបឲ្យដឹងទៀតថា បច្ចុប្បន្ន​ក្រុម​​ហ៊ុន​របស់លោក​កំពុង​ផ្គត់ផ្គង់​ ដល់​រោង​ចក្រ​កែច្នៃ​សម្បក​កង់​នៅ ខេត្តស្វាយរៀង ប៉ុន្តែ​ចំនួន​មានកំណត់ ដោយសារ​ភាគី​ទាំង​២ ​ត្រូវ​ការចរចា​បន្ថែ​ម​ទៀត​។

លោក​បញ្ជាក់ឡើងថា ​បច្ចុប្បន្ន​យើង​កំពុង​ផ្គត់ផ្គង់​កៅស៊ូ​ប្រភេទ CSR-10 ឱ្យដល់​រោងចក្រ​ផលិត​សម្បក ​កង់​នៅ​ខេត្តស្វាយរៀង ប៉ុន្តែ​មាន​បរិមាណ​តិចតួច​នៅឡើយ​។ ជាធម្មតា​យើង​ផលិត​កៅស៊ូ​គុណភាព​ខ្ពស់​សម្រាប់​ការនាំចេញ ប៉ុន្តែ​សម្រាប់​កៅស៊ូ​ប្រភេទ CSR-10 គឺ​កម្រិត៣ ខណៈ​យើង​នាំចេញ​ភាគច្រើន ​កៅស៊ូ​ប្រភេទ​កម្រិត១ និង ២។​

លោកបានឲ្យដឹងទៀតថា នៅពេលនេះ ​ក៏មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​មួយចំនួន​ កំពុង​ចរចា​ជាមួយ​រោងចក្រ​កែច្នៃ​ សម្បក​កង់​រថយន្ត​ដើម្បី​ផ្គត់ផ្គង់​ផងដែរ​។

ជាមួយគ្នានេះ លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​ កែច្នៃ​សម្បក​កង់​រថយន្ត​ចំនួន៣ គឺ​ក្រុមហ៊ុន Newbustar(Cambodia)Tire Co Ltd ដែលជា​សមា​ជិ​ក​នៃ​ក្រុមហ៊ុន Doublestar Group គ្រប់គ្រង​ដោយ​រដ្ឋ​ចិន មាន​ទុនវិនិយោគ​ប្រមាណ១៣៨​លាន​ដុល្លារ នៅក្នុង​ខេត្តក្រចេះ​។ ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd មាន​ទុនវិនិយោគ៣០០​លាន​ដុ​ល្លារ​នៅ​ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន Cart Tire Co.,Ltd បាន​វិនិយោគ​ចំនួន៣៥០​លាន​ដុល្លារ ​លើ​រោងចក្រ​នៅ​ខេត្តស្វាយរៀង​។​

​កាលពី​ថ្ងៃទី ​២៣ ខែវិច្ឆិកា រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​រយៈពេល២​ឆ្នាំ​បន្តទៀត ​លើ​ការនាំ​ចេញ​កៅស៊ូ ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៤ ក្នុង​គោលបំណង​លើកទឹកចិត្ត ​ដល់​ការដាំដុះ និង​ក្រុមហ៊ុននាំចេញ​ ក្នុង​គ្រា​ការធ្លាក់ចុះ​តម្លៃ​ដោយសារ​ការធ្លាក់ចុះ​តម្រូវការ​អន្តរជាតិ​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានលើកឡើង​អំពី​សារៈសំខាន់ ​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ដារ ​សម្រាប់​វិស័យ​កសិកម្ម ជាពិសេស​ឧស្សាហកម្ម​កៅស៊ូ ព្រោះ​វា​អាចជួយ​រក្សា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​បាន ដោយ​សារ​ចម្ការកៅស៊ូ​ របស់​ប្រទេស​មាន​ផ្ទៃដី​ជា ង៤០០,០០០​ហិកតា​។​

ទិន្នន័យ​ថ្មីៗ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ប្រទេស​កម្ពុជា​រកចំណូលបាន ៤៤៥,៥លាន​ដុល្លារ​ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​រកបាន១,៥​លាន​ដុល្លារ​បន្ថែមទៀត​ពី​ការនាំចេញ​ឈើ​កៅស៊ូ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here