ដំណឹងល្អ! កម្ពុជាមានម៉ាករថយន្តសម្គាល់ពីប្រទេសរបស់ខ្លួនហើយ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រជាជនកម្ពុជាអាចបើកបររថយន្ត ដែលមានគុណភាព និងតម្លៃសមរម្យ ហើយក៏​ជាម៉ាករថយន្តរបស់កម្ពុជាផ្ទាល់ ដែលផលិតដោយក្រុមហ៊ុន GTV MOTOR។

អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញសុទិដ្ឋិនិយមថា ឧស្សាហកម្មរថយន្តនៅកម្ពុជា នឹងមានភាពល្អប្រសើរ ជាពិសេសកម្ពុជា នឹងក្លាយជាប្រទេសនាំចេញរថយន្តនាថ្ងៃអនាគត។​

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុន GTV MOTOR គឺជាក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិល្អ បានបង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា ដោយបានផលិតរថយន្តនៅកម្ពុជា។ ក្រុម​ហ៊ុន​នេះ នឹងឈានទៅផលិតរថយន្តអេឡិចត្រូនិកបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបង្ហាញការយល់ឃើញរបស់ខ្លួនថា ក្រុមហ៊ុន​ នឹងបង្កើតការងារ ដល់ប្រជាពលរដ្ឋក្នុងស្រុក ជាពិសេស​កម្លាំងពល​កម្មជំនាញ ដែលចេញពីការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយដើរស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល​ជំរុញការបណ្តុះបណ្តាលរហូតដល់១,៥លាននាក់។​

លោកបញ្ជាក់ថា “កម្ពុជា គឺជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន ដូច្នេះរថយន្តដែលផលិតនៅកម្ពុជា មិនមែនសម្រាប់តែទីផ្សារកម្ពុជានោះទេ”។ លោកបន្តថា “ក្រុមហ៊ុននេះ អាចធ្វើការនាំចេញរថយន្ត ទៅក្នុងប្រទេសតំបន់អាស៊ាន ដោយ​មិនជាប់ពន្ធផងដែរ”។

លោកគី សេរីវឌ្ឍន៍បានពន្យល់ថា ការផលិតនៅក្នុងស្រុកច្បាស់ណាស់ថា នឹងបាត់ចំណូលពន្ធគយមួយផ្នែក ប៉ុន្តែត្រឡប់មក​វិញអាចនឹងកើនចំណូលពន្ធដារនៅក្នុងស្រុក។ ដូច្នេះចំណូលថវិកាជាតិ នឹងមិនមានផលប៉ះពាល់នោះទេ។ ផ្ទុយទៅវិញ នឹងមានភាពកាន់តែប្រសើរឡើង ដោយសារបង្កើនសកម្មភាព និងសមត្ថភាពផលិត បង្កើ​តប្រាក់ចំណូ​លពន្ធដារ បង្កើតការងារដល់ពលរដ្ឋ នឹងធ្វើឱ្យសកម្ម​ភាពសេដ្ឋកិច្ចមានដំណើរការល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here