តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃច័ន្ទនេះ ខណៈទិន្នន័យសេដ្ឋកិច្ចអាមេរិកមានភាពចម្រុះគ្នា ដែលអាចជះឥទ្ធិពលទៅលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Federal Reserve។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១%ដល់២០៤៤,២១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២០៤៩,៨០ដុល្លារ ក្នុងមួយអោន។

បើគិតពេញមួយឆ្នាំ២០២៣ តម្លៃហាងឆេងមាសបានហក់ឡើង១៣% ដែលជាកំណើនប្រចាំឆ្នាំលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២០ ហើយតម្លៃមាសត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ ដោយសារការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារFed។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦៤ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាសជិត៩០ភាគរយ កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅទ្រឹងត្រឹម១០២,៣៨ពិន្ទុ នៅព្រឹកថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៨ភាគរយ ដល់២៣,១៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៥% ដល់៩៦១,៥៣ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃ palladium ធ្លាក់ចុះ០,៩% មកនៅត្រឹម១០២៧,១១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here