តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារងើបឡើងថ្លៃ ប៉ុន្តែអ្នកវិភាគនៅតែរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងបញ្ចុះអត្រាការប្រាក់នៅឆ្នាំ២០២៤ខាងមុខ។

ជាក់ស្តែងសន្ទស្សន៍ភាគហ៊ុនអាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,០៦ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៥ភាគរយ  ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣០ភាគរយនៅព្រឹកថ្ងៃសុក្រនេះ។

ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើង០,៣៩% ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើង០,៤២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,៣៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើង១,៦ភាគរយ។

យោងតាមទិន្នន័យបានបង្ហាញថា តម្លៃទំនិញនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងខែវិច្ឆិកា ជាលើកដំបូង ក្នុងរយៈពេលជាង៣ឆ្នាំកន្លះ ដែលធ្វើឱ្យអតិផរណាមានការថយចុះបន្ថែមទៀត និងជំរុញការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារ Fed ក្នុងខែមីនាខាងមុខ។

នៅពេលនេះ ក្រុមពាណិជ្ជករកំពុងមើលឃើញឱកាសចំនួន៨៨% នៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ក្នុងខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមឧបករណ៍ CME FedWatch ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើង០,៣%កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ខែ។

ចំណែក តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈក្រុមហ៊ុនដឹកជញ្ជូនជាច្រើនទៀតបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លងកាត់ផ្លូវសមុទ្រក្រហម ដែលជួយបន្ធូរបន្ថយការព្រួយបារម្ភអំពីការរំខានលើការផ្គត់ផ្គង់ ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើង។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ការចែកចាយនៅខែមីនាបានធ្លាក់ចុះ២,៣៩ដុល្លារ ឬ៣% មកនៅត្រឹម៧៧,១៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ២,៣៤ដុល្លារ ឬ៣,២% មកនៅត្រឹម៧១,៧៧ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here