រដ្ឋាភិបាលដាក់ឱ្យដំណើរការនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធCamDX ដើម្បីផ្ដល់ភាពងាយស្រួលដល់ធុរជនក្នុងការចុះបញ្ជីអាជីវកម្ម

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការជំរុញផលិតកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុង ស្រុក និងការនាំចេញ។

ផែនការនេះ នឹងជម្រុញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ពិពិធកម្មផលិតផល សម្រាប់បម្រើការនាំចេញ និងការអនុវត្ត ការធ្វើពាណិ​ជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឈានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារក្រសួងពាណិ​ជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃសុក្រ ទី២២ ធ្នូ ២០២៣នេះ សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្រសួ​ងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការ នូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មនៃថ្នាល បច្ចេកវិទ្យាព័ត៌មានCamDX ដើម្បីផ្ដល់ភាពងាយស្រួល និងរហ័សជូនដល់អាជីវករ ពាណិជ្ជករ និង ធុរជនក្នុងការទទួលបាននូវសេវាសាធារណៈនៃការចុះបញ្ជីអាជីវកម្ម។

លើសពីនេះទៀត ក្រសួងក៏បានបន្តការដាក់បញ្ចូលរាល់ឯកសារផ្លូវការពាក់ព័ន្ធនានានៅលើគេហទំព័រ របស់ក្រសួង និងការរៀបចំឱ្យមាន Call Center ដែលបង្កលក្ខណៈងាយស្រួល ដល់សាធារណជន និងអ្នកទទួលសេវា ក្នុងការស្វែងរកព័ត៌មានសម្រាប់ចម្ងល់នានា ព្រមទាំងកាត់បន្ថយទាំងកម្រៃសេវា ពេលវេលា និងនីតិវិធី។

ក្រសួងក៏បានផ្តោតអាទិភាព លើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការតាក់តែងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចសហការជាមួយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម ក្នុងការអនុវត្តគម្រោងGo4eCAM ដើម្បីបង្កើតផ្សារខេមបូឌាត្រដ (CambodiaTrade) ជួយសហគ្រាសធុនតូចនិងមធ្យមបង្កើនឱកាសសេដ្ឋកិច្ច។

ជាពិសេសថ្មីៗនេះ ក្រសួងបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Alibaba ដែលអនុញ្ញាតឱ្យធុរជន និងអាជី​វករកម្ពុជា អាចដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជា លើទីផ្សារចិន ក៏ដូចជាតាមបណ្ដ ប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក – electronic World Trade Platform (eWTP)”៕

LEAVE A REPLY

Please enter your comment!
Please enter your name here