តើប្រទេសណាខ្លះជាសមាជិកAIIB និងប្រទេសណាជំពាក់លុយធនាគារនេះច្រើនជាងគេ?

ដោយ: គង់ លាងហួរ

ប៉េកាំង: ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាធនាគារអភិវឌ្ឍន៍ពហុភាគី ដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អនាគត។

AIIBបានចាប់ផ្តើមប្រតិបត្តិការ កាលពីខែមករា ឆ្នាំ២០១៦ ហើយបច្ចុប្បន្ន ធនាគារនេះមានសមាជិកផ្លូវការ រហូតដល់ចំនួន១០៩ប្រទេស នៅទូទាំងពិភពលោក។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារ AIIB មានគម្រោងចំនួន២៣៦ ដែលមានតម្លៃទុនវិនិយោគ ប្រមាណ៤៥,០៤ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសសមាជិកចំនួន៣៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មានទ្រព្យសកម្មសរុបចំនួន៥៣,៦ពាន់លានដុល្លារអាមេរិក និងបំណុល​សរុបចំនួន៣២,៩៧ពាន់លានដុល្លារ។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន។ AIIB បានចាប់ផ្តើមជាមួយទុនចំនួន១០០ពាន់លានដុល្លារអាមេរិក និងត្រូវបានវាយតម្លៃ Triple-A ដោយទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិធំៗ។

ដោយធ្វើការជាមួយដៃគូ ធនាគារAIIB បំពេញតាមតម្រូវការរបស់អតិថិជន ដោយផ្តល់ជាដើមទុន និងការវិនិយោគលើហេដ្ឋារច​នា​​​សម្ព័ន្ធបៃតង បច្ចេកវិទ្យា និងលើកកម្ពស់ការតភ្ជាប់នៅក្នុងតំបន់។

ប្រទេសចិនបានប្រកាសអំពីផែនការ បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងខែ តុលា ឆ្នាំ២០១៣។ មួយឆ្នាំក្រោយមក ប្រទេសអាស៊ីចំនួន២១ បានចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់ដោយឯកភាពចូលរួម។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានស្នើជាលើកដំបូងនូវការបង្កើតAIIB នៅក្នុងកិច្ចប្រជុំកំពូល APEC នៅកោះបាលីកាលពីឆ្នាំ២០១៣កន្លងទៅ។

ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ជាច្រើនបានបកស្រាយថា ធនាគារនេះជាការប្រជែងនឹងស្ថាប័ន ផ្តល់ប្រាក់កម្ចីអន្តរជាតិធំៗមួយចំនួនដែលស្ថិតនៅក្រោមផលប្រយោជន៍ គោលនយោបាយការបរទេសរបស់អាមេរិក ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ជាដើម។

ប្រទេសចិនគឺជាម្ចាស់ភាគហ៊ុនធំជាងគេ នៅក្នុងធនាគារ AIIB  ដែលមានភាគហ៊ុនបោះឆ្នោតចំនួន២៦,៦១%  បន្ទាប់មកគឺប្រទេសឥណ្ឌា (៧,៦%) រុស្ស៊ី (៦,០១%) និងអាល្លឺម៉ង់ (៤,២%)។ ជាមួយគ្នានេះ ឥណ្ឌា​គឺជា​ប្រទេស​ទទួល​ហិរញ្ញប្បទាន ​ច្រើនជាងគេបំផុត​ពីធនាគារ AIIB តាម​ពី​ក្រោយ​ដោយ​ប្រទេស​តួកគី និង​ប្រទេសចិន។

ធនាគារនេះផ្តោតការយកចិត្តទុកដាក់ចំពោះការ ផ្តល់ហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផលិតភាពដទៃទៀត ក្នុងទ្វីបអាស៊ី។ វិស័យទាំងនេះរួមមានជាអាទិ៍ ដូចជា វិស័យអគ្គិសនី និងថាមពល វិស័យដឹកជញ្ជូន និងទូរគមនាគមន៍ វិស័យអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធជនបទ និងកសិកម្ម វិស័យផ្គត់ផ្គង់ទឹក និងអនាម័យ វិស័យការពារបរិស្ថាន វិស័យអភិវឌ្ឍន៍ទីក្រុង និងឡូជីស្ទីក និងវិស័យដទៃទៀត។

គម្រោងដំបូងៗរបស់ធនាគារ ដែលត្រូវបានប្រកាសនៅខែមេសា ដល់ខែឧសភា ឆ្នាំ២០១៦ ក្នុងនោះរួមមាន គម្រោងអគ្គិសនី ការដឹកជញ្ជូន និងការអភិវឌ្ឍទីក្រុង ក្នុងប្រទេសប៉ាគីស្ថាន តាជីគីស្ថាន បង់ក្លាដេស និងឥណ្ឌូនេស៊ី។ ក្រោយមក មានគម្រោងផ្សេងៗទៀតដែលត្រូវបានអនុម័តនៅក្នុងឆ្នាំដដែលនោះ។

បន្ថែមពីលើនេះ ធនាគារ AIIB មានគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកការអភិវឌ្ឍ តាមរយៈការធ្វើការងារក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នអភិវឌ្ឍន៍ពហុភាគី និងទ្វេរភាគីដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here