សម្តេចធិបតី ​លើកទឹកចិត្តដល់ធនាគារទាំងអស់ ពិនិត្យលទ្ធភាពផ្តល់សេវាកម្មឱ្យកាន់តែទូលំទូលាយ​ និងបង្កើនឥណទានឱ្យបានកាន់តែច្រើនដល់សហគ្រាសធុនតូច និងមធ្យម

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​លើកទឹកចិត្តដល់ធនាគារទាំងអស់នៅកម្ពុជា ពិនិត្យលទ្ធភាពផ្តល់សេវាកម្មឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ និងបង្កើនការផ្តល់ឥណទាន ឱ្យបានកាន់តែច្រើន ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និងរួមចំណែកដល់ការរក្សាស្ថិរភាព នៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា។

​ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូប នៃភាពប៉ិនប្រសព្វក្នុង ការច្នៃ ប្រឌិត នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។សម្តេចធិបតី បានថ្លែងយ៉ាងដូច្នេះថា «ធនាគារទាំងអស់សូមពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា សំដៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រី, កាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ខ្ញុំសូមលើកទឹកចិត្តដល់ធនាគារវីង និងធនាគារក្នុងស្រុកដទៃទៀត សូមពិនិត្យលទ្ធភាពផ្តល់ឥណទានឱ្យបានកាន់តែច្រើន ដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និងរួមចំណែកដល់ការរក្សាស្ថិរភាពនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា»

​ជាមួយគ្នានេះ សម្តេចបានលើកទឹកចិត្តឱ្យគ្រប់ធនាគារ​ទាំងការពង្រីកឥណទាន និងបង្កើនសំពៀតឥណទាន (Loan Porfolio) ដល់វិស័យកសិកម្ម, ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការ នាំចេញអង្ករប្រណិតកម្ពុជាទៅទីផ្សារអន្តរជាតិ, លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកដល់កម្មវិធី គោលអទិភាពរបស់រាជរដ្ឋាភិបាល, ជាពិសេស យន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ​។

អគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុង​ការច្នៃ​ប្រឌិត បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយកម្ពស់​រហូត​ដល់ ១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារវីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញ​ពី​ភាព​រីកចម្រើននៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្ម​សំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។ អគារធនាគារវីងថៅវើ ដែល​ប្រកបដោយភាពលេចធ្លោ ត្រូវបានរចនាឡើងដោយមានការគិតគូរ​ពីនិរន្តភាពនៅលើផ្ទៃអគារ​ទាំង​មូល​។ ជាមួយការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់កញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាច​ឱ្យ​ពន្លឺ​ធម្ម​ជាតិអាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅបានយ៉ាងល្អប្រសើរផងដែរ។ ហេតុផលនេះ គឺបានជួយដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល និងកាត់បន្ថយការបំភាយឧស្ម័ន​ផ្ទះ​កញ្ចក់ ​ដោយផ្តល់ផលល្អសម្រាប់បរិស្ថាន ដែលកត្តានេះស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនិរន្តរភាពបរិស្ថាន និងក្នុងនាមជាសាជីវកម្ម ដែលមានទំនួលខុសត្រូវចំពោះសង្គម។

អគារធនាគារវីងថៅវើ ដែលមានកម្ពស់២៥ជាន់ ជាទីស្នាក់ការកណ្តាលរបស់ធនាគារវីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយបានវិវត្តខ្លួនពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ទៅជាធនាគារពាណិជ្ជពេញលេញ។ ផ្នែកនៃអគារនេះចំនួន ៣ជាន់ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់សេវាកម្មធនាគារ​ជូនដល់អតិថិជនទូទៅ ក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារ​ប្រកបដោយប្រណីត​ភាព និងឯកជនភាពបំផុត។ បន្ថែមលើភាពទាក់ទាញទាំងនេះ អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌល​នវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារវីង បន្តនូវចក្ខុវិស័យយ៉ាងសកម្មរបស់ខ្លួន​ក្នុងការដឹកនាំបង្កើត​ដំណោះស្រាយឌីជីថលសម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here