រដ្ឋមន្រ្តីកសិកម្មលើកឡើងនូវគោលនយោបាយអាទិភាពចំនួន៦ចំណុចនៅខេត្តប៉ូលសេដ្ឋកិច្ចទី៤

ដោយៈ គង់ ម៉ាលីនណា

បន្ទាយមានជ័យៈ លោករដ្ឋមន្ត្រី ឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

ក្នុងនាមជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំឭកអំពីបាវចនាទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព ព្រមទាំងអាទិភាពទាំង៥ នៃគោលនយោបាយមានដូចជាមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលការងារទាំងនេះ ថ្នាក់ដឹកនាំត្រូវយល់ឱ្យបានច្បាស់ ដើម្បីអនុវត្តស្របតាមទិសដៅគោលនយោបាយ និងមានប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា កម្មវិធីនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ រួមមាន ទី១ ការផ្តល់សេវាសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសាកល ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រកបដោយសមធម៌។

ទី៤ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាព ចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម ទីផ្សារ និងរក្សាស្ថិរភាពតម្លៃ និងទី៦ ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្ម និងការកសាងសហគមន៍កសិកម្មទំនើប។

បានឌិត ទីណាបានបញ្ជាក់បន្ថែមថា កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គឺសំខាន់ត្រូវគៀងគរពលរដ្ឋចូលរួម និងរួមគ្នាផលិតទ្រង់ទ្រាយធំ ឱ្យមានគុណភាព បំពេញតម្រូវការទីផ្សារ ទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ចំណូលច្រើនជាងមុនដល់កសិករ។ ជាយន្តការ គឺត្រូវជ្រើសរើសមន្ត្រីផ្សព្វផ្សាយ កសិកម្មឃុំជាជំហាន ដោយក្នុងនោះឆ្នាំ២០២៣ ចំនួន២៥០នាក់ ដែលទើបបញ្ចប់ការប្រឡងជ្រើសរើស ឆ្នាំ២០២៤ ចំនួន៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៦៥០នាក់ សរុបចំនួន១.៦០០នាក់ ដើម្បីជួយដល់កសិករទូទាំងប្រទេស។

ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្តក្នុងប៉ូលសេដ្ឋកិច្ចទី៤ ដែលមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋប្រមាណ៦៥%ប្រកបរបរកសិកម្ម និង៣៥%ទៀតជាអាជីវករ ពាណិជ្ជករ។

ចំពោះសន្និបាតបូកសរុបការងារឆ្នាំ២០២៣ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយបានពិភាក្សាលើប្រធានបទចំនួន៥ គឺទី១ ប្រសិ​ទ្ធភាព នៃការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំសង្កាត់ ទី២ ការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ទី៣ ការទប់ស្កាត់ការជួញដូរមនុស្ស និងការជួយដូរគ្រឿងញៀន ទី៤ ការឆ្លើយតបបន្ទាន់នឹងគ្រោះមហន្តរាយ និងទី៥ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here