តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគ កំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រ។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ធ្លាក់ថ្លៃចុះ០,៦ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៤៩ភាគរយ  ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៨៦ភាគរយនៅពេលបើក។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានស្ថិតនៅទ្រឹង ប៉ុន្តែសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៦២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,៤៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៨៤ភាគរយ។

មន្ត្រី១៧នាក់ ក្នុងចំណោម១៩នាក់ របស់ធនាគារ Fed បានព្យាករថា អត្រាការប្រាក់នឹងមានកម្រិតទាបជាងមុន ត្រឹមចុងឆ្នាំ២០២៤ខាងមុខ បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា គិតត្រឹមខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួន៤ផ្សេងទៀត បានងើបឡើងថ្លៃបន្តិចដល់១០២,៣៧ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ជាមួយគ្នានេះ ទីផ្សារកំពុងមើលឃើញឱកាសប្រហែល៧៩% ដែលធនាគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ។

ក្នុងសប្តាហ៍នេះ វិនិយោគិនកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជាច្រើន រួមទាំងរបាយការណ៍សន្ទស្សន៍នៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលប្រចាំខែវិច្ឆិកា ដែលអាចជះឥទ្ធិពលលើការសម្រេចចិត្តគោលនយោបាយរបស់ធនាគារFed។

ទន្ទឹមគ្នានោះ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ៦៥សេន មកនៅត្រឹម៧៩,០៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0120 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិក បានធ្លាក់ចុះ៥៥សេនដល់៧៣,៦៧ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here