តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចអាមេរិកមួយចំនួន ដែលអាចផ្តល់នូវតម្រុយថ្មីៗលើផ្លូវគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២% ដល់២០៣៥,៩៧ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល1927 GMT ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ០,២% មកនៅត្រឹម២០៤៧,៧ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួន៤ផ្សេងទៀត បានងើបឡើងថ្លៃបន្តិចដល់១០២,៣៧ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures លើកឡើងថា តម្លៃមាសអាចមានស្ថេរភាពលើសពី២.០០០ដុល្លារ ក្នុងមួយអោន ដោយពិចារណាលើហានិភ័យភូមិសាស្ត្រនយោបាយនៅក្នុងទីផ្សារ រួមទាំងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ដែលអាចជំរុញឱ្យអ្នកវិនិយោគបង្កើនមាសនៅក្នុងផលប័ត្ររបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ទីផ្សារកំពុងមើលឃើញឱកាសប្រហែល៧៩% ដែលធនាគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ។

វិនិយោគិនកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជាច្រើនក្នុងសប្តាហ៍នេះ រួមទាំងរបាយការណ៍សន្ទស្សន៍នៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលប្រចាំខែវិច្ឆិកា ដែលអាចជះឥទ្ធិពលលើការសម្រេចចិត្តគោលនយោបាយរបស់ធនាគារFed។

តម្លៃលោហៈធាតុប្រាក់Spot silver បានងើបឡើង១,២% ដល់២៤,៣២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង១,៣% ដល់៩៦៦,៣៥ដុល្លារក្នុងមួយអោន ហើយតម្លៃ Palladium បានធ្លាក់ចុះ០,៧% ដល់១២១៤,៧២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here