អ្នកជំនាញ ៖ វិស័យអចលនទ្រព្យ អាចអូសបន្លាយដល់ឆ្នាំ ២០២២ ទើបល្អប្រសើរឡើងវិញ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្នុងពេលដែលសញ្ញាណនៃរលកទី២ ជំងឺកូវីដ១៩ កម្ពុជា អាចនឹងមានហានិភ័យកើតឡើង អ្នកជំនាញអចលនទ្រព្យ បានព្យាករថា ឆ្នាំ ២០២១ខាងមុខនេះ វិស័យអចលនទ្រព្យកម្ពុជា មិនអាចស្ដារឡើងវិញឱ្យ ដូចមុនកូវីដ១៩បាននោះទេ ហើយវិស័យនេះ អាចនឹងល្អប្រសើរឡើងវិញ នៅក្នុងឆ្នាំ ២០២២។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ថា កាលពីពេលថ្មីនេះវិស័យអចលនទ្រព្យ និងវិស័យដទៃទៀតក្នុងប្រទេសកម្ពុជា ហាក់ទទួលបានសញ្ញាណល្អឡើងវិញ និងសង្ឃឹមថា ឆ្នាំ២០២១ អាចស្ដារឱ្យវិស័យជាច្រើនមានភាពប្រសើរដូចកាលមុនកូវីដ១៩ តែដោយសារតែព្រឹត្តិការណ៍៣ វិច្ឆិកា ២០២០នេះ ធ្វើឱ្យមនុស្សជាច្រើនបានប៉ះពាល់ ដែលគិតមកដល់ពេលនេះ មានរហូតដល់ជាង ១៤០០នាក់ បានប៉ះពាល់ផ្ទាល់ និងប្រយោល និងធ្វើឱ្យហានិភ័យនៃរលកទី២កើតឡើង។

លោកបន្តថា បើសិនជាមានការរីករាលដាលនៃជំងឺនេះ និងមានការឆ្លងពីព្រឹត្តិការណ៍នោះបន្តទៀត ឆ្នាំ ២០២១ខាងមុខ វិស័យអចលនទ្រព្យ មិនអាចស្ដារឱ្យល្អប្រសើរឡើង ដូចកាលមុនពេលកូវីដ១៩រីករាលនោះទេ ដូច្នេះវិស័យនេះ អាចនឹងស្ដារឱ្យងើបឡើងវិញយ៉ាងឆាប់ក៏ឆ្នាំ ២០២២ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានថ្លែងថា “សម្រាប់ឆ្នាំ ២០២០ វិស័យអចលនទ្រព្យបាន រងផលប៉ះពាល់ ដូចនឹងវិស័យដទៃទៀតដែរ ដោយចាប់ពីខែកុម្ភៈ ដល់ខែ កក្កដា ជាពេលវេលា ដែលមានផលប៉ះពាល់ខ្លាំង។ មកដល់ខែសីហា មកទល់នឹងពេលថ្មីៗកន្លងទៅនេះ វិស័យអចលនទ្រព្យបានងើបឡើងវិញបន្តិច ដោយមានចលនាទិញលក់ជាធម្មតាតិចៗវិញ តែកាលពីថ្ងៃទី០៣ វិច្ឆិកានោះ កម្ពុជា ក៏ប្រឈមនឹងការផ្ទុះឡើងវិញនៃកូវីដ១៩ ធ្វើឱ្យវិស័យមិនអាចងើបឡើងវិញ នៅឆ្នាំ២០២១នោះទេ”។

លោក បន្ថែមថា ប្រជាពលរដ្ឋកម្ពុជា ឆាប់ភ័យខ្លាច តែឆាប់បាត់ទៅវិញ ជាក់ស្ដែងនៅពេលមានហេតុការណ៍បែបនេះ ពួកគាត់ច្បាស់ជាមិនស្វែងរកការវិនិយោគ ឬចេញជួបអ្នកណានោះទេ ហើយបើសិនជាស្ថានភាពនេះ អាចគ្រប់គ្រងបាននោះពលរដ្ឋ នឹងចាប់ផ្ដើមចេញធ្វើសកម្មភាពរកការវិនិយោគទិញលក់ដីធ្លី និងអចលនទ្រព្យផ្សេងៗឡើងវិញ ដូចកាលពីពេលថ្មីៗនេះអញ្ចឹងដែរ។

ប្រធានសមាគមអចលនទ្រព្យសកលរូបនេះ បាននិយាយថា បើទោះបីជាកម្ពុជាជួបនឹងប្រទះ នឹងកូវីដ១៩ ហើយធ្វើឱ្យប៉ះពាល់ដល់វិស័យផ្សេងៗគាំទ្រសេដ្ឋកិច្ចក្ដី តែបើធៀបនឹងប្រទេសដទៃទៀត ក្នុងតំបន់អាស៊ាន ឃើញថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជាក៏ប្រសើរជាងប្រទេសទាំងដែរ ពីព្រោះថា កូវីដ១៩ មិនបានធ្វើឱ្យពលរដ្ឋណាម្នាក់ស្លាប់នៅកម្ពុជាឡើយ ហើយការព្យាបាលជាសះស្បើយ ក៏មានចំនួនច្រើនលើសលប់ផងដែរ ។

លោក បាននិយាយថា “អ្វីដែលពលរដ្ឋកម្ពុជាទាំងអស់ត្រូវធ្វើ គឺការការពារខ្លួនឯង ទៅតាមវិធានរបស់ក្រសួងសុខាភិបាល ដែលជាការការពារខ្លួនផង និងការពារកុំឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងផងដែរ”។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏ បាននិយាយផងដែរថា ឆ្នាំ ២០២១ខាងមុខ មិនអាចធានាបានពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជាឱ្យ ដូចមុនកាលកូវីដ១៩នោះទេ ដោយរង់ចាំមើលវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដែលពិភពលោកកំពុងតែអនុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here