តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ខណៈអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់របស់ខ្លួន នៅខែមីនា ឆ្នាំ២០២៤ខាងមុខ។

ជាក់ស្តែងសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃ០,៦ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៩៧ភាគរយ។

ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,១៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៤៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៩៨ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួន៤ផ្សេងទៀត បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,២០ពិន្ទុនៅថ្ងៃពុធនេះ។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៦៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ទន្ទឹមគ្នានេះ ក្រុមពាណិជ្ជករកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចមួយចំនួនរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ដូចជារបាយការណ៍សន្ទស្សន៍នៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនស្នូលប្រចាំខែវិច្ឆិកា ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ។

តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃពុធនេះ ដោយសារការរំខានពាណិជ្ជកម្មសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីក្រុម Houthi បានបើកការវាយប្រហារទៅលើនាវានៅសមុទ្រក្រហម។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent បានកើនឡើង៦សេន ដល់៧៩,២៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0137 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិក បានកើនឡើង១៧សេន ដល់៧៤,១១ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here