តម្លៃប្រេងបន្តកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានស្ថិតនៅទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានស្ថិតនៅទ្រឹងនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំមើលការសម្រេចចិត្តពីធនាគារកណ្តាលជប៉ុនលើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។

ជាក់ស្តែងសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានស្ថិតក្នុងសភាពទ្រឹង ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនក៏បានស្ថិតនៅទ្រឹងផងដែរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៣៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៧២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,១៣ភាគរយ។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសដែល ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងកាត់បន្ថយអត្រាការប្រាក់ជាង១៤០ពិន្ទុមូលដ្ឋាន នៅឆ្នាំ២០២៤ខាងមុខ។

មន្ត្រី១៧នាក់ក្នុងចំណោម១៩នាក់របស់ធនាគារ Fed បានព្យាករណ៍ថា អត្រាការប្រាក់នឹងមានកម្រិតទាបជាងមុនត្រឹមចុងឆ្នាំ២០២៤ បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា គិតត្រឹមខែធ្នូនេះ។

ចំណែកឯ ធនាគារកណ្តាលអឺរ៉ុប(ECB) ត្រូវបានគេរំពឹងថា នឹងបញ្ចុះអត្រាការប្រាក់ចំនួន១៥០ពិន្ទុមូលដ្ឋាន នៅឆ្នាំ២០២៤ខាងមុខ។

បើធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់យ៉េនបានងើបឡើងថ្លៃជាង០,៣ភាគរយដល់១៤២,៣១យ៉េន ក្នុង១ដុល្លារ បន្ទាប់ពីបានងើបឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ខែ ពោលគឺ១៤០,៩៥យ៉េន ក្នុង១ដុល្លារកាលពីសប្តាហ៍មុន។

តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃអង្គារនេះ ខណៈដែលការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ Houthi មកលើនាវានៅសមុទ្រក្រហមបានរំខានដល់ពាណិជ្ជកម្មតាមផ្លូវសមុទ្រ និងបានបង្ខំឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរផ្លូវនាវាចរណ៍។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៧សេន ដល់៧៨,១២ដុល្លារក្នុងមួយបារ៉ែល គិតនៅត្រឹមម៉ោងសកល 0112 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៤សេនដល់៧២,៦១ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here