រដ្ឋាភិបាលនឹងដាក់ឲ្យធ្វើលិខិតឆ្លងដែនតាមប្រព័ន្ឋInternetពី ប្រទេសកូរ៉េខាងត្បូង

 ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រតិបត្តិការធ្វើលិខិត​ឆ្លងដែន (Passport) ឬពន្យារលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណេត ពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដូចមុនទៀតនោះទេ។

លោកកត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ឲ្យដឹងបែបនេះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ។ការបញ្ជាក់របស់ក្រសួងនេះ គឺធ្វើឡើងនៅចំទិវា ពលករទេសន្តរប្រវេសន៍អន្តរជាតិលើកទី២៤។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការសម្របសម្រួលឱ្យមានការធ្វើលិខិតឆ្លងដែន ពីប្រទេសកូរ៉េខាងត្បូងផ្ទាល់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយដល់ពលករ ដែលនេះសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាប្រមុខ។ នេះបើតាមការបញ្ជាក់ពីលោកកត្តា អ៊ន ដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រកាសដាក់ឱ្យដំណើរការនេះ គឺធ្វើក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងក្នុងវេទិកាជួបជុំកម្មករ និយោជិត រោងចក្រប្រមាណ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ ដោយសម្រេចអនុញ្ញាតឱ្យមានការរៀបចំ ធ្វើលិខិតឆ្លងដែន (Passport) នៅប្រទេសកូរ៉េខាងត្បូង និងបានណែនាំឱ្យមន្រ្តីជំនាញពាក់ព័ន្ធបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជា ពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេស។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជា មានពលករកំពុងបម្រើការងារនៅក្រៅប្រទេសប្រមាណ១,៣លាននាក់ ក្នុងនោះ ប្រទេសថៃមានប្រមាណ១,២លាននាក់, កូរ៉េខាងត្បូង៥ម៉ឺននាក់ ម៉ាឡេស៊ី ជាង២ម៉ឺននាក់ និងប្រទេសជប៉ុនប្រមាណ២ម៉ឺននាក់ និងបណ្តាប្រទេសនិងដែនដីផ្សេងៗទៀត។

ពលករកម្ពុជាប្រមាណ១.៣លាននាក់នេះ បានបញ្ជូនថវិកាចូលក្នុងស្រុកកំណើត ប្រមាណ២ពាន់លានដុល្លារក្នុងរយៈពេល១ឆ្នាំៗ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here