តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគងាកទៅផ្តោតលើទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលលើគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤ភាគរយដល់២០២៦,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងថ្លៃ០,២ភាគរយដល់២០៤០,៥ដុល្លារក្នុងមួយអោន។

មន្ត្រី១៧នាក់ក្នុងចំណោម១៩នាក់របស់ធនាគារ Fed បានព្យាករណ៍ថា អត្រាការប្រាក់នឹងមានកម្រិតទាបជាងមុនត្រឹមចុងឆ្នាំ២០២៤ បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា គិតត្រឹមខែធ្នូនេះ។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញដែល ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងកាត់បន្ថយអត្រាការប្រាក់ជាង១៤០ពិន្ទុមូលដ្ឋាន នៅឆ្នាំ២០២៤ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ធនាគារកណ្តាលអឺរ៉ុប(ECB) ត្រូវបានគេរំពឹងថា នឹងបញ្ចុះអត្រាការប្រាក់ចំនួន១៥០ពិន្ទុមូលដ្ឋាន នៅឆ្នាំ២០២៤ខាងមុខ។

បើធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់យ៉េនបានងើបឡើងថ្លៃជាង០,៣ភាគរយដល់១៤២,៣១យ៉េន ក្នុង១ដុល្លារ បន្ទាប់ពីងើបឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ខែ ពោលគឺ១៤០,៩៥យ៉េន ក្នុង១ដុល្លារកាលពីសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣% ដល់២៣,៧៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៧%ដល់៩៤៦,០២ដុល្លារ ក្នុងមួយអោន ហើយតម្លៃPalladium បានងើបឡើង០,៦% ដល់១១៨០,១៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here