តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំកំណត់គោលនយោបាយរបស់ធនាគារកណ្តាលជប៉ុន(BoJ)។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ធ្លាក់ថ្លៃចុះ០,៥ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,២ភាគរយ  ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៩ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,០៣ភាគរយ ប៉ុន្តែសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,០៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,៤២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៣ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួន៤ផ្សេងទៀត បានធ្លាក់ថ្លៃចុះ០,០៥ភាគរយ មកនៅសល់ត្រឹម១០២,៥៧ពិន្ទុ។

មន្ត្រី១៧នាក់ក្នុងចំណោម១៩នាក់របស់ធនាគារ Fed បានព្យាករណ៍ថា អត្រាការប្រាក់នឹងមានកម្រិតទាបជាងមុនត្រឹមចុងឆ្នាំ២០២៤ខាងមុខ បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា គិតត្រឹមខែធ្នូនេះ។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៧០ ភាគរយ ដែលធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង នៅដើមខែមីនា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ។

ចំណែកឯ ធនាគារកណ្តាលអឺរ៉ុប(ECB) ក៏បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដូចការរំពឹងទុកដែរ។

តម្លៃប្រេងបានកើនឡើងជិត១ភាគរយនៅថ្ងៃច័ន្ទនេះ ដោយសារប្រទេសរុស្សុីនាំចេញប្រេងតិចជាងមុន និងខណៈដែលការវាយប្រហាររបស់ក្រុម Houthi លើនាវានៅសមុទ្រក្រហមបានធ្វើឱ្យមានការព្រួយបារម្ភអំពីការរំខានលើការផ្គត់ផ្គង់ប្រេង។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦៩សេន ដល់៧៧,២៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0037 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៦៥សេនដល់៧២,០៨ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here