តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ ទោះបីជាធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក(Fed) បានបង្ហាញសញ្ញាពីការបញ្ចប់វដ្តនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនកាលពីសប្តាហ៍មុនយ៉ាងណាក្តី។

តួយ៉ាង តម្លៃហាងឆេងមាស Spot Gold និងតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ថ្លៃចុះមកនៅត្រឹមប្រហែល២.០១៦ដុល្លារក្នុងមួយអោន។

មន្ត្រី១៧នាក់ក្នុងចំណោម១៩នាក់របស់ធនាគារ Fed បានព្យាករណ៍ថា អត្រាការប្រាក់នឹងមានកម្រិតទាបជាងមុនត្រឹមចុងឆ្នាំ២០២៤ បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា គិតត្រឹមខែធ្នូនេះ។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៧០ ភាគរយ ដែលធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង នៅដើមខែមីនា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ធនាគារកណ្តាលអឺរ៉ុប(ECB) ក៏បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដូចការរំពឹងទុកដែរ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួន៤ផ្សេងទៀត បានធ្លាក់ថ្លៃចុះ០,០៥ភាគរយ មកនៅសល់ត្រឹម១០២,៥៧ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៦% ដល់២៤,១៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង២,៦%ដល់៩៥៨,៥១ដុល្លារ ក្នុងមួយអោន ហើយតម្លៃPalladium បានកើនឡើង១១% ដល់១១០២,៤៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here