វិស័យលក់រាយនៅសហរដ្ឋអាមេរិកកំពុងស្ទុះងើបឡើងវិញយ៉ាងរុឹងមាំ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់រាយនៅសហរដ្ឋអាមេរិកបានស្ទុះងើបឡើងវិញក្នុងខែវិច្ឆិកា បន្ទាប់ពីបានធ្លាក់ចុះកាលពីខែតុលា ដែលការណ៍នេះបង្ហាញពីភាពធន់របស់អតិថិជនអាមេរិក និងការចាប់ផ្តើមដ៏រុឹងមាំចំពោះរដូវកាលវិស្សមកាល។

នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ថា ការលក់រាយបានកើនឡើង០,៣% នៅក្នុងខែវិច្ឆិកាបើធៀបនឹងខែតុលា។ ប្រសិនបើមិនរាប់បញ្ចូលការលក់នៅស្ថានីយ៍ប្រេងសាំង ការលក់រាយបានកើនឡើង០,៦% កាលពីខែមុន។

ការចំណាយលើការលក់រាយបានធ្លាក់ចុះត្រឹមតែ៣ដងប៉ុណ្ណោះលើមូលដ្ឋានប្រចាំខែ គិតចាប់តាំងពីខែមករាមក ដែលបង្ហាញពីភាពរឹងមាំគួរឱ្យកត់សម្គាល់នៃការចំណាយរបស់អ្នកប្រើប្រាស់អាមេរិកនៅឆ្នាំនេះ។

ការលក់បានកើនឡើងនៅស្ទើរគ្រប់ប្រភេទនៃទំនិញ និងសេវាកម្មភាគច្រើនក្នុងខែវិច្ឆិកា ខណៈការលក់បាន កើនឡើងច្រើនបំផុតនៅតាមភោជនីយដ្ឋាន ដោយកើនឡើង១,៦%។ ពលរដ្ឋអាមេរិកបានចំណាយច្រើននៅតាមហាងលក់ទំនិញពិសេស និងតាមអុីនធឺណេត។ ទន្ទឹមនឹងនេះ ការលក់នៅស្ថានីយ៍ប្រេងឥន្ធនៈបានធ្លាក់ចុះខ្លាំងបំផុតនៅក្នុងខែវិច្ឆិកា ដោយធ្លាក់ចុះក្នុងរង្វង់២,៩% ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ខាងលើបានបង្ហាញឱ្យដឹងទៀតថា ជនជាតិអាមេរិកនៅតែបន្តចំណាយប្រាក់របស់ពួកគេ ខណៈដែលអត្រាអតិផរណាបានធ្លាក់ចុះ ហើយទីផ្សារការងារនៅតែស្ថិតក្នុងសភាពរឹងមាំ។

អតិផរណានៅសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្លាក់ចុះជាថ្មីម្តងទៀត ក្នុងរដូវស្លឹកឈើជ្រុះនេះ បន្ទាប់ពីកើនឡើងនៅរដូវក្តៅ ដោយសារតែតម្លៃថាមពលបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

យោងតាមនាយកដ្ឋានការងារអាមេរិកបានឱ្យដឹងថា តម្លៃទំនិញប្រើប្រាស់បានកើនឡើង៣,១% នៅក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន ពោលគឺកំណើនមានការថយចុះ បើធៀបនឹងការកើនឡើង៣,២% នៅខែតុលា។

លើសពីនេះ ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងពិតប្រាកដបានកើនឡើង០,៨% នៅក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន។នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ៕CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here