តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក(Fed) បានផ្តល់សញ្ញាពីការបិទបញ្ចប់គោលនយោបាយដំឡើងអត្រាការប្រាក់របស់ខ្លួនកាលពីថ្ងៃពុធ។

ជាក់ស្តែងសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៧ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៥៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ១,០៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៩៩ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួន៤ផ្សេងទៀត បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,០៥ពិន្ទុនៅថ្ងៃសុក្រនេះ។

កាលពីថ្ងៃព្រហស្បតិ៍ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៤ខែ ពោលគឺ១០១,៧៦ពិន្ទុ ខណៈដែលផលប័ត្ររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីចុងខែកក្កដា។

មន្ត្រី១៧នាក់ក្នុងចំណោម១៩នាក់របស់ធនាគារ Fed បានព្យាករណ៍ថា អត្រាការប្រាក់នឹងមានកម្រិតទាបជាងមុនត្រឹមចុងឆ្នាំ២០២៤ បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៧៥ ភាគរយ ដែលធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ។

ទន្ទឹមគ្នានេះ ធនាគារកណ្តាលអឺរ៉ុប(ECB) ក៏បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលកាលពីថ្ងៃព្រហស្បតិ៍ ដូចការរំពឹងទុកដែរ។

ចំណែក តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា តម្រូវការប្រេងនឹងកើនឡើងសម្រាប់ឆ្នាំក្រោយ គួបផ្សំជាមួយនឹងការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាមេរិក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៩សេនដល់៧៦,៧០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0006 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង១០សេនដល់៧១,៦៨ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here