តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃសុក្រនេះ ខណៈផលប័ត្ររតនាគារ និងប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានផ្តល់សញ្ញាពីការបញ្ចប់ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤% ដល់២០៣៤,៣១ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 2017 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង២,៤% ដល់២០៤៤,៩០ដុល្លារ ក្នុងមួយអោន។

កាលពីថ្ងៃព្រហស្បតិ៍ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៤ខែ ខណៈដែលផលប័ត្ររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីចុងខែកក្កដា។

មន្ត្រី១៧នាក់ក្នុងចំណោម១៩នាក់របស់ធនាគារ Fed បានព្យាករណ៍ថា អត្រាការប្រាក់នឹងមានកម្រិតទាបជាងមុនត្រឹមចុងឆ្នាំ២០២៤ បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំចំនួន៣លើកជាប់ៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៧៥ ភាគរយ ដែលធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ។

ចំណែកឯ ធនាគារកណ្តាលអឺរ៉ុប(ECB) ក៏បានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលកាលពីថ្ងៃព្រហស្បតិ៍ ដូចការរំពឹងទុកដែរ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៦% ដល់២៤,១៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង២,៦%ដល់៩៥៨,៥១ដុល្លារ ក្នុងមួយអោន ហើយតម្លៃPalladium បានកើនឡើង១១% ដល់១១០២,៤៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here