ការស្ទង់មតិ: ៨៥ភាគរយនៃភ្ញៀវទេសចរចិន នឹងមិនធ្វើដំណើរទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្ទាបស្ទង់មតិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo បានបង្ហាញថា ៨៥% នៃប្រជាជនចិន ដែលបានចូលរួមការស្ទង់មតិចំនួន៥៤.០០០នាក់ នឹងមិនធ្វើដំណើរទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាននោះទេ ដោយសារការភ័យខ្លាចអំពីសុវត្ថិភាព បន្ទាប់ពីមានការចាក់ផ្សាយខ្សែភាពយន្តគួរឱ្យរន្ធត់។

ក្នុង ជំនួប ជាមួយ លោក Han Zhiqiang ឯកអគ្គរដ្ឋទូត ចិនប្រចាំប្រទេសថៃ លោកស្រី Puangpet Chunlaiad រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃប្រទេសថៃ បានលើកឡើងថា ខ្សែភាពយន្ដសកម្មភាពឧក្រិដ្ឋកម្ម No More Bets របស់ប្រទេសចិន បានធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះទេសចរណ៍របស់បណ្តាប្រទេសនៅតំបន់អាស៊ាន រួមទាំងប្រទេសថៃផងដែរ។

លើសពីនេះ រូបភាពកេរ្តិ៍ឈ្មោះរបស់ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាក៏រងផលប៉ះពាល់ផងដែរ ដោយកម្ពុជាបានហាមឃាត់ការចាក់បញ្ចាំងខ្សែភាពយន្តនេះ។

លោកស្រី Puangpet Chunlaiad បានអះអាងថា ខ្សែភាពយន្តនេះបានពណ៌នាប្រទេសថៃជាមួយនឹងសកម្មភាពខុសច្បាប់ ដូចជាការជួញដូរមនុស្ស ការជួញដូរសរីរាង្គរបស់មនុស្ស ការឆបោកតាមទូរស័ព្ទ និងក្រុមជំរិតទារប្រាក់ ដែលបានធ្វើឱ្យប៉ះពាល់ដល់ការយល់ឃើញរបស់ភ្ញៀវទេសចរចិនអំពីសុវត្ថិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាខ្សែភាពយន្តមួយនេះមិនត្រូវបានថតនៅក្នុងប្រទេសថៃយ៉ាងណាក្តី ប៉ុន្តែវាបានបង្ហាញពីភាសាថៃនៅក្នុងឈុតមួយចំនួន ដែលនាំឱ្យមានការយល់ច្រឡំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ។

លោក Puangpet បានបន្ថែមថា រដ្ឋាភិបាលថៃសង្ឃឹមថា អាជ្ញាធរចិននឹងធានាដល់ពលរដ្ឋចិនឡើងវិញអំពីភាពមិនត្រឹមត្រូវនៃខ្សែភាពយន្តនេះ និងសង្កត់ធ្ងន់លើវិធានការសុវត្ថិភាពដ៏តឹងរឹងរបស់ប្រទេសថៃសម្រាប់ភ្ញៀវទេសចរ។

ប្រទេសចិនគឺជាប្រភពទីផ្សារដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ដោយប្រទេសនេះស្រូបបានភ្ញៀវទេសចរចិនចំនួន១១លាននាក់ ក្នុងឆ្នាំ២០១៩ ពោលគឺមុនផ្ទុះជំងឺរាតត្បាត ដែលស្មើនឹងជាងមួយភាគបួននៃការមកដល់សរុបរបស់ភ្ញៀវទេសចរបរទេសនៅឆ្នាំនោះ។

ប៉ុន្តែ ប្រទេសថៃលែងជាជម្រើសគោលដៅកំពូលរបស់ភ្ញៀវទេសចរចិនទៀតហើយ បើយោងតាមការស្ទាបស្ទង់មតិអំពីការធ្វើដំណើរប្រចាំត្រីមាសរបស់ក្រុមហ៊ុនទីផ្សារឌីជីថល China Trading Desk ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលបានស្ទង់មតិលើប្រជាជនចិនជាង១មុឺននាក់អំពីផែនការធ្វើដំណើរទៅក្រៅប្រទេសនាពេលខាងមុខរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here