បំណុលសាធារណៈសរុបរបស់កម្ពុជាកើនដល់ចំនួន១០,៧២ពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋាភិបាលកម្ពុជា មានបំណុលសាធារណៈសរុបចំនួន១០,៧២ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមព្រឹត្តិបត្រ ស្ថិតិបំណុលសាធារណៈរបស់កម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា។

យោងតាមព្រឹត្តិបត្រស្ថិតិបានឱ្យដឹងថា បំណុលសាធារណៈមាន៦៤ភាគរយ ពីដៃគូអភិវឌ្ឍន៍ទ្វេរភាគី និង៣៦ភាគរយពីដៃគូអភិវឌ្ឍន៍ពហុភាគី។

សមាសភាពនៃបំណុលសាធារណៈរបស់កម្ពុជា ក្នុងនោះរួមមាន ៤៧ភាគរយ គិតជាប្រាក់ដុល្លារអាមេរិក។ ចំនួន២០ភាគរយជាសិទ្ធិដកប្រាក់ពិសេស (Special Drawing Rights) ១១ភាគរយជាប្រាក់យ័ន។ ចំនួន១១ភាគរយទៀតជាប្រាក់យ៉េន។ ៧ភាគរយជាប្រាក់អឺរ៉ូ និងនៅសល់ជារូបិយប័ណ្ណក្នុងស្រុក និងផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងអំឡុងខែមករា ដល់ខែកញ្ញាឆ្នាំនេះ រដ្ឋាភិបាលបានចុះហត្ថលេខាលើកម្ចីសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍ក្នុងទំហំទឹកប្រាក់សរុ​បចំនួន១ពាន់លានដុល្លារ ដែលស្មើនឹង៤៥ភាគរយនៃពិដាន ដែលច្បាប់អនុញ្ញាត។

ព្រឹត្តិបត្រស្ថិតិបានបន្តថា សរុបមក ប្រាក់កម្ចីទាំងអស់មានសម្បទានខ្ពស់ ជាមួយនឹងធាតុជំនួយជាមធ្យម ប្រហែល៤៣ភាគរយ ហើយគោលបំណងនៃប្រាក់កម្ចី ដែលបានចុះហត្ថលេខាថ្មីនេះគឺដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងវិនិយោគសាធារណៈ នៅក្នុងវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច”។

ព្រឹត្តិបត្រដដែលបានបង្ហាញថា ប្រទេសកម្ពុជាបានបង់ថ្លៃសេវាបំណុលដល់ដៃគូអភិវឌ្ឍន៍ ក្នុងចំនួនទឹកប្រាក់៤៣៧,៥លានដុល្លារក្នុងអំឡុងរយៈពេលប្រាំបួនខែ ដំបូងនៃឆ្នាំ២០២៣នេះ។ យ៉ាងណាមិញ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា នៅតែមាននិរន្តរភាព និងមានហានិភ័យទាបនៃវិបត្តិបំណុល ទោះបីជាត្រូវបានរងផលប៉ះពាល់ ដោយជំងឺរាតត្បាតកូវីដ-១៩ និងកត្តាខាងក្រៅផ្សេងទៀតយ៉ាងណាក្តី។

យោងតាមព្រឹត្តិបត្រស្ថិតិខាងលើបានឱ្យដឹងទៀតថា បំណុលសាធារណៈសរុបមានចំនួន២៤,២ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ដែលទាបជាងកម្រិតកំណត់ក្នុងរង្វង់៤០ភាគរយ៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here