តម្លៃប្រេងកើនឡើង ខណៈដែលផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក(Fed) ដែលអាចកំណត់ទស្សនវិស័យអត្រាការប្រាក់។

ជាក់ស្តែងសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៧ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៦ភាគរយ បន្ទាប់ពីធ្លាក់ថ្លៃចុះ៣,៤ភាគរយកាលពីសប្តាហ៍មុន ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៥១ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៦៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,០៦៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,០៤២ភាគរយ។

ម្យ៉ាងវិញទៀត ក្រុមពាណិជ្ជកររំពឹងទុកយ៉ាងខ្ពស់ថា ធនាគារកណ្តាលអាមេរិក(Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំគោលនយោបាយនៅសប្តាហ៍នេះ។

កំណើនការងាររបស់សហរដ្ឋអាមេរិកបានបង្កើនល្បឿន នៅក្នុងខែវិច្ឆិកា ខណៈដែលអត្រាអ្នកអត់ការងារធ្វើបានធ្លាក់ចុះរហូតដល់៣,៧% ដែលជាសញ្ញាបង្ហាញពីភាពរឹងមាំនៃទីផ្សារការងារមូលដ្ឋាន និងជំរុញឱ្យក្រុមពាណិជ្ជករភ្នាល់ថា ធនាគារ Federal Reserve អាចនឹងពន្យារពេលរហូតដល់ខែឧសភា ដើម្បីចាប់ផ្តើមការបញ្ចុះអត្រាការប្រាក់ជាលើកដំបូងរបស់ខ្លួន។

ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃវិញយ៉ាងគំហុកបើធៀបនឹងប្រាក់យ៉េន ដោយជួញដូរក្នុងតម្លៃ១៤៥,១២យ៉េនក្នុងមួយដុល្លារ បន្ទាប់ពីបានធ្លាក់ថ្លៃចុះយ៉ាងខ្លាំងកាលពីចុងសប្តាហ៍មុន។

ទន្ទឹមគ្នានេះ ប្រាក់អឺរ៉ូបានងើបឡើងថ្លៃ០,០៦ភាគរយដល់១,០៧៦ដុល្លារក្នុងមួយអឺរ៉ូ ប៉ុន្តែស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកម្រិតទាបបំផុតក្នុងរយៈពេលជាង៣សប្តាហ៍ ដែលវាឈានដល់កាលពីថ្ងៃសុក្រសប្តាហ៍មុននោះទេ។

តម្លៃប្រេងបានកើនឡើងខ្ពស់នៅថ្ងៃច័ន្ទនេះ។ តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១១សេន ដល់៧៥,៩៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0119 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៧សេនដល់៧១,៣០ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here