ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ និងរដ្ឋមន្រ្តីព័ត៌មាន បានសម្តែងគាំទ្រចូលរួមផ្សព្វផ្សាយ នូវព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ដើម្បីឱ្យសាធារណជនបានដឹងកាន់តែទូលំទូលាយ។
ក្នុងជំនួបជាមួយលោកជំទាវភឿង សកុណារដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ លោកឆាយ ស៊ីណាត អគ្គលេខាធិការសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាបានលើកឡើងនូវប្រវត្តិនៃការចូលរួមពិព៌ណនេះ និងការរីកចម្រើនវិស័យនេះនៅកម្ពុជា ស្របពេលជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង និងការយល់ដឹងពីការប្រើប្រាស់គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាកាន់តែច្រើនជាងមុន។
លោកបានលើកឡើងផងដែរពីការជម្រុញទីផ្សារគ្រឿងអលង្ការ ដើម្បីនាំចេញទៅកាន់ក្រៅប្រទេស ក៏ដូចជាផ្សព្វផ្សាយពីផលិតផលត្បូង និងគ្រឿងអលង្ការកម្ពុជាឲ្យកាន់តែបានទូលំទូលាយផងដែរ។
ដោយឡែកក្នុងជំនួបជាមួយ លោកនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកាលពីថ្ងៃទី៦ ធ្នូកន្លងមកផងដែរ ឆាយ ស៊ីណាត អគ្គលេខាធិការសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លោក ឆាយ ស៊ីណាត បានគោរពស្នើសុំអនុសាសន៍ពីរដ្ឋមន្រ្តី ដើម្បីត្រៀមរៀបចំការតាំង ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា -អន្តរជាតិ លើកទី១៥ នាឆ្នាំ២០២៤ ខាងមុខនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព៌ណនេះ នឹងមានការអញ្ជើញចូលរួមពី អាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងបណ្តាក្រុមហ៊ុនដូចជា វិស័យធនាគារ វិស័យរថយន្ត វិស័យទូរស័ព្ទ វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗ ។
លោក ឆាយ ស៊ីណាត បានជម្រាបជូនថា ក្រោយការខកខានក្នុងការ រៀបចំពិព័រណ៍អស់រយៈពេល៤ឆ្នាំ ដោយសារជំងឺកូវីដ នាពេលកន្លងមក បានសម្រេចរៀបចំពិព័រណ៍សាជាថ្មី នៅក្នុងខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីបង្ហាញសក្តានុពល ក៏ដូចចូលរួមទាក់ទាញអ្នកនិយោគទុន និងភ្ញៀវបរទេស មកពីបណ្ដាប្រទេសជាច្រើន អញ្ជើញមកចូលរួមពិព័រណ៍នេះ ។
លោកបានបន្ដថាថា ក្រៅពីការតាំងពិព័រណ៍ ក៏មានការរៀបចំកម្មវិធីដេញថ្លៃម្កុដ របស់កម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មានគាំទ្រ សហការក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យសាធារណជន បានដឹងកាន់តែទូលំទូលាយ នូវព្រឹត្តិការណ៍នៃការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ នាចុងខែមីនា ឆ្នាំ២០២៤ តបតាមការស្នើសុំការគាំទ្ររបស់សមាគម ពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា។
លោករដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់សមាគមពាណិជ្ជករគ្រឿង អលង្ការ និងត្បូងមានតម្លៃកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការងាររៀបចំប្រព្រឹត្តទៅបានល្អ ដោយត្រូវមានកិច្ចសហការគាំទ្រ ពីក្រសួងស្ថាប័នពាក់ពន្ធ័ ពិនិត្យពិភាក្សា វាយតម្លៃដើម្បីឱ្យកិច្ចការបានជោគជ័យ។ ជាមួយនេះ សមាគមក៏ត្រូវរៀបចំក្រុមព័ត៌មាន អ្នកសម្រប សម្រួលជាមួយអ្នកសារព័ត៌មាន ត្រូវមានអ្នកផ្តល់ខ្លឹមសារព័ត៌មាន ទាក់ទងការរៀបចំកម្មវិធីពិព័រណ៍ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីការផ្សព្វ ផ្សាយបានស៊ីជម្រៅ ហើយមានការចូលរួមគាំទ្រច្រើនពីសាធារណជន។
កម្ពុជាជាប្រទេសមួយ ក្នុងចំណោមគោលដៅត្បូងធម្មជាតិមានតម្លៃដ៏ល្បីល្បាញរបស់ពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ និងអភិវឌ្ឍតាមរយៈ “ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ” ដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្ម ដ៏លេចធ្លោរបស់ប្រទេសកម្ពុជាដូចកាលពីមុន។
ព្រឹត្តិការណ៍នេះ ពីដំបូងស្ថិតក្រោមការគ្រប់គ្រងនិងរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៩ និងជាបន្តបន្ទាប់ ដោយទទួលបានជោគជ័យជាលំដាប់ ពីមួយលើកទៅមួយលើក។ ដោយការរីកចម្រើន និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ កើនឡើងជាលំដាប់ ក្រសួងក៏បានប្រគល់ ការគ្រប់គ្រងព្រឹត្តិការណ៍នេះទាំងស្រុងបន្តមកឱ្យ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលបច្ចុប្បន្ន៕